សំណើរបស់លោកជំទាវ មួរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញដែលស្នើសុំចូលជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិ (CNRP) កំពុងជាប់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនោះ ត្រូវបានលោកចៅក្រម គី ឫទ្ធី ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញច្រានចោលភ្លាមៗនាថ្ងៃដដែល ។
លិខិតលេខ២៨០៨រ.ប/១៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧របស់លោកចៅក្រម គី ឫទ្ធី ក្រៅពីបដិសេធទៅលើសំណើរបស់លោកជំទាវ មួរ សុខហួរ និងសហការីដែលសុំចូលជួបសួរសុខទុក្ខឯកឧត្តម កឹម សុខា បានបញ្ជាក់ទៀតថា «ការចូលជួប ឬសួរសុខទុក្ខអាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទដែលមិនទាក់ទិននៅក្នុងរឿងប៉ុណ្ណោះ ។ សម្រាប់អ្នកដទៃផ្សេងទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឲ្យបានក្រោយពីចៅក្រមបានបំពេញកិច្ចចាំចាច់មួយចំនួនសិន ។ » ។
ឯកឧត្តម កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាពេលរំលងអធ្រាត្រថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ឋិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសមត្ថកិច្ចអះអាងថា ជា «បទល្មើសជាក់ស្តែង» ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» និងត្រូវបានស្ថាប័នតុលាការចោទប្រកាន់បើកការស៊ើបសួរពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាប់ឈ្មោះជាជនត្រូវចោទទល់បច្ចុប្បន្ន ៕