ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ថ្នាក់ក្រោម​មិន​ស្តាប់​ថ្នាក់លើ ឬ​ថ្នាក់លើ​ចង់​សង្កត់​ថ្នាក់ក្រោម ? ចៅសង្កាត់​ផ្សារកណ្តាល​មកពី​បក្សប្រឆាំង​ត្រូវបាន​ចៅហ្វាយក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ម​ក​ពី​បក្ស​កាន់អំណាច​បណ្តេញ​ចេញពី​អង្គប្រជុំ

​សេចក្តីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោកស្រី ឃុន ចន្ទី ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត មកពី​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ត្រូវបាន​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​បណ្តេញ​ចេញពី​អង្គប្រជុំ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត នៅវេលា​ព្រឹក​នា​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ។​

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Fresh News ដែលជា​បណ្តាញសារព័ត៌មាន​គាំទ្រ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ថា បានជា​លោក​បណ្តេញ​លោកស្រី ឃុន ចន្ទី ចេញពី​អង្គប្រជុំ ដោយសារ​លោកស្រី​មិន​គោរព​ទទួលបញ្ជា​ថ្នាក់លើ​, មិន​គោរព​ពេលវេលា​អង្គប្រជុំ​, មិន​អនុវត្ត​ការណែនាំ​របស់​ក្រុមប្រឹក្សា​ក្រុង​រាល់​ការប្រជុំ និង​តមាត់​ជាមួយ​ប្រធាន​អង្គប្រជុំ បង្ក​កំហឹង​ឈ្លោះ​ក្នុង​អង្គប្រជុំ​…​។

​ដោយឡែក លោកស្រី ឃុន ចន្ទី ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​Post តាម​បណ្តាញ​ព័ត៌មាន​សង្គម Facebook បញ្ជាក់​អះអាងថា «​នាង​ខ្ញុំ​ដើរ​ចេញពី​អង្គប្រជុំ​មិនមែន​មាន​អ្នក​ដេញ​នាង​ខ្ញុំ​ចេញ​ទេ នាង​ខ្ញុំ​ដើរចេញ​ពីព្រោះ​នាង​ខ្ញុំ​លើកដៃ​សុំ​និយាយ តែ​លោក​អភិបាល​មិន​ឲ្យ​និយាយ ទើប​នាង​ខ្ញុំ​សម្រេច​ដើរចេញ ។ នាង​ខ្ញុំ​ចង់​និយាយ ៖ ១-​គឺ​ចង់​សុំ​ស្តារ​ស្រះ​មក​ធ្វើ​ផ្លូវ​នៅ​ភូមិ​អូរឫស្សី​តាម​សំណូមពរ​លោក​មេភូមិ​អូរឫស្សី ព្រោះ​ស្រះ​នោះ​ជា​របស់​រដ្ឋ​, ២-​ចង់​សួរថា សាលាសង្កាត់​ផ្សារកណ្តាល​ជា​របស់​រដ្ឋ ឬ​ឯកជន បើ​របស់​ឯកជន នាង​ខ្ញុំ​នឹង​ធ្វើការ​នៅក្រៅ​បន្ទប់ធ្វើការ បើ​របស់​រដ្ឋ នាង​ខ្ញុំ​នឹងធ្វើ​បន្ទប់​សម្រាប់​បំពេញការងារ​ជូន​ពលរដ្ឋ​របស់ខ្ញុំ (​ព្រោះ​ស្មៀន​សង្កាត់ និង​លោក គាត ហ៊ុល អតីត​ចៅសង្កាត់​ថា សាលាសង្កាត់​ផ្សារកណ្តាល​ជា​របស់​ឯកជន​) ។ គាត់​មិន​ឲ្យ​នាង​ខ្ញុំ​សួរ ទើប​នាង​ខ្ញុំ​សម្រេចចិត្ត​ដេញ​ពី​អង្គប្រជុំ ។ » ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.