វិទ្យាស្ថានស្រាវជ្រាវសន្តិភាពពិភពលោកនៃទីក្រុង Stockholm (SIPRI) បានផ្សព្វផ្សាយឲ្យដឹងថា ប្រទេសមហាអំណាចសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី គឺនៅតែជាប់លេខខាងចំណាយប្រាក់លើវិស័យយោធាច្រើនជាងគេលើពិភពលោក ពោលសហរដ្ឋអាមេរិកជាប់លេខ១ ចិនជាប់លេខ២ និងរុស្ស៊ីជាប់លេខ៣ ទោះបីរុស្ស៊ីបាន និងកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងតម្លៃប្រេងធ្លាក់ចុះក្តី ។
របាយការណ៍របស់ SIPRI បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ សហរដ្ឋអាមេរិកបានចំណាយប្រាក់លើវិស័យយោធាចំនួនប្រមាណ៦១១ពាន់លានដុល្លារ និងនៅក្នុងឆ្នាំ២០១៧នេះប្រាក់ចំណាយនឹងកើនឡើងបន្ថែមជិត៥០ពាន់លានដុល្លារទៀត ។
មហាអំណាចចិនដែលជាប្រទេសលំដាប់ទី២ខាងចំណាយប្រាក់លើវិស័យយោធាច្រើនលើពិភពលោកនោះ គឺបានបង្កើនប្រាក់ចំណាយចំនួន៥,៤ភាគរយ និងក្នុងឆ្នាំ២០១៦កន្លងទៅ គឺស្មើនឹងប្រមាណ២១៥ពាន់លានដុល្លារអាមេរិក ។
ថ្វីដ្បិតឋិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់មហាអំណាចសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកក្តី ក៏រុស្ស៊ីបានបង្កើនប្រាក់ ចំណាយលើវិស័យយោធាចំនួន៥,៩ភាគរយនៅក្នុងឆ្នាំ២០១៦ គឺស្មើនឹងប្រមាណ៦៩,២ពាន់លានដុល្លារអាមេរិក ដែលជាការចំណាយខ្ពស់បំផុតបើធៀបទៅនឹងប្រាក់ចំណូលរបស់ជាតិ ៕