ក្លឹបអ្នកមានរបស់បារាំង Paris Saint-Germain បានសម្រេចបំណងរបស់ខ្លួនក្នុងការនាំយកខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ AS Monaco បានជោគជ័យហើយ ។
Paris St-Germain បានចុះហត្ថលេខាយក Kylian Mbappe បានសម្រេចក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល និងមានសិទ្ធិទិញផ្តាច់នារដូវកាលក្រោយក្នុងតម្លៃ១៦៥,៧លានផោន ។
ចំណែកឯការផ្ទេរកីឡាករវ័យ១៨ឆ្នាំរូបនេះមក PSG ផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ដែលសុពលភាពរបស់គេអាចរួមរស់ជាមួយ PSG រហូតដល់ឆ្នាំ២០២២ឯណោះ ពោលគឺមានរយៈពេលរហូតដល់ទៅ៥ឆ្នាំ ។
ប្រិយមិត្តពិតជាឆ្ងល់ហើយថាហេតុអ្វីបានជា PSG មិនទិញ Mbappe ពី Monaco ផ្លូវការតែម្តងទៅ ? មូលហេតុដោយសារតែអំឡុងពេលទីផ្សារទិញកីឡារក្លឹបអ្នកមានរបស់បារាំងមួយនេះបានផ្ទេរ Neymar ពី Barcelona ក្នុងតម្លៃខ្លួន២២២លានអឺរ៉ូរួចមកហើយ ដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោក ដូច្នេះដើម្បីបញ្ចៀសពីការផាកពិន័យរបស់ UEFA ចំពោះក្លិបដែលចាយលុយទិញកីឡាករលើសលប់ក្នុងមួយរដូវកាល ទើប PSG សម្រេចផ្ទេរ Mbappe មកក្នុងលក្ខខណ្ឌខ្ចីជើងបែបនេះ ។
គួរបញ្ជាក់ជូនដែរថា កាលពីរដូវកាលមុន Mbappe បានជួយ Monaco ឈ្នះជើងឯកលីគកំពូលរបស់បារាំង និងជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League និងស៊ុតបញ្ចូលទីបាន១៥គ្រាប់ឲ្យ Monaco រដូវកាល ២០១៦-២០១៧ ៕
ប្រភព៖ Dailymail