ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះឲ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ វៀតណាមបានជួបប្រទះនឹងការពុលចំណីអាហារចំនួន៧៧ករណីបណ្តាលឲ្យមនុស្សចំនួន២ ២១៤នាក់ធ្លាក់ខ្លួនឈឺធ្ងន់ និងសម្លាប់ជីវិតមនុស្ស១៧នាក់ផ្សេងទៀត ខណៈប្រទេសជាសមាជិកសមាគមអាស៊ាន (ASEAN) មួយនេះកំពុងប្រឈមមុខនឹងបញ្ហាម្ហូបអាហារមានផ្ទុកសារធាតុគីមីដ៏ច្រើនលើសលប់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នប្រទេសវៀតណាមបានចំណាយប្រាក់ច្រើនឡើងៗជាលំដាប់លើការនាំចូលបន្លែ ផ្លែឈើពីបរទេសរហូតដល់ប្រមាណ១៦៤លានដុល្លារអាមេរិកត្រឹមតែរយៈពេល០២ខែដំបូងនៃឆ្នាំ២០១៧នេះ ពោលគឺកើនឡើង៥៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦កន្លងទៅ ។
ប្រទេសវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំមានទំនោរទៅរកការទិញបន្លែ ផ្លែឈើនាំចូលពីបរទេស ជាពិសេសប្រទេសចិន និងប្រទេសថៃជាងការទិញផលិតផលក្នុងស្រុករបស់ខ្លួន ពីព្រោះប្រជាជនបាត់បង់ទំនុកចិត្តលើផលិតផលបន្លែ ផ្លែឈើក្នុងស្រុកដែលប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ដល់សុខភាពក្នុងកម្រិតខ្ពស់ហួសស្តង់ដារកំណត់ ។
ស្ថិតិពាណិជ្ជកម្មវៀតណាមបានបង្ហាញថា អំឡុងពីខែមករា ដល់ខែសីហា ឆ្នាំ២០១៦កន្លងទៅ ប្រទេសវៀតណាមទទួលបានចំណូលពីការនាំចេញបន្លែ ផ្លែឈើរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិប្រមាណជាង១ ០០០លានដុល្លារអាមេរិក ខណៈប្រទេសនេះបានចំណាយទឹកប្រាក់ចំនួនប្រមាណ៥២៩លានដុល្លារអាមេរិកដើម្បីទិញបន្លែ ផ្លែឈើពីបរទេសមកផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុកវិញ ជាពិសេសពីប្រទេសចិន និងប្រទេសថៃ ពោលគឺមានអត្រាកើនឡើងជិត៣៧ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ។
ដោយឡែក ការសិក្សារបស់អង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិបានបង្ហាញថា ក្នុងមួយឆ្នាំៗ បន្លែប្រមាណជិត១លានតោនត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជាដែលក្នុងនោះការនាំចូលបន្លែពីបរទេស ជាពិសេសប្រទេសវៀតណាម និងប្រទេសថៃមានបរិមាណជាងពាក់កណ្តាលនៃបរិមាណបន្លែផ្គត់ផ្គង់សរុប ៕