ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ប្រធាន​គណៈមេធាវី (BAKC) នឹងត្រូវ​ក្លាយជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​នៃ​សមាគម​ច្បាប់​អាស៊ាន​កម្ពុជា​

យោង​សំណើ​រួម​របស់​ឯកឧត្តម ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល និង​ឯកឧត្តម​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​បង្កើត​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​នៃ​សមាគម​ច្បាប់​អាស៊ាន​កម្ពុជា ហៅ​កាត់​ថា «​គ​.​ស​.​ច្ប​.​អ​.​ស៊​.​ក​» ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ប្រតិបត្តិការ​ក្នុង​វិស័យ​ច្បាប់​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​ក្នុង​គោលដៅ​កំណត់​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ច្បាប់​ដើម្បី​រួមចំណែក​ធានា​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ និង​វិនិយោគិន​ក្នុង​តំបន់​អាស៊ាន និង​ទាក់ទាញ​វិនិយោគ​បរទេស ដោយ​អនុក្រឹត្យ​លេខ​១២៤​អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧ ។

«​គ​.​ស​.​ច្ប​.​អ​.​ស៊​.​ក​» មាន​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​គណៈកម្មាធិការ និង​មាន​អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក និង​លេខាធិការ​តាម​ការសម្រេច​របស់​ប្រធាន​គណៈកម្មាធិការ ព្រមទាំង​មាន​ភារកិច្ច និង​តួនាទី ជាអាទិ៍ ៖ -​បង្កើត និង​អនុវត្ត​ស្របតាម​បទបញ្ជាផ្ទៃក្នុង​របស់ខ្លួន​, -​ចូលរួម​ប្រជុំ និង​ធ្វើ​សកម្មភាព​ស្របតាម​លក្ខ​ន្តិ​កៈ​របស់​សមាគម​ច្បាប់​អាស៊ាន​, -​ចូលរួម​បង្ហាញ​អំពី​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​, -​ធ្វើ​សហប្រតិបត្តិការ​លើ​ទិដ្ឋភាព​ច្បាប់​របស់​ប្រទេស​កម្ពុជា​ជាមួយ​អ្នកច្បាប់​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន និង -​ទទួល​រៀបចំ​ព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​សមាគម​ច្បាប់​អាស៊ាន​តាម​វេន ដោយ​សម្របសម្រួល​ជាមួយនឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រធាន​តុលាការ​កំពូល​អាស៊ាន ដោយ​សហការ​ជាមួយ​តុលាការ​កំពូល ។​

​គណៈកម្មាធិការ​ជាតិ​នេះ​អាចបង្កើត​ក្រុមការងារ​ស្របតាម​រចនាសម្ព័ន្ធ​ការងារ​របស់​សមាគម​ច្បាប់​អាស៊ាន និង​មាន​ត្រា​ប្រើប្រាស់​សម្រាប់​អនុវត្ត​ការងារ​របស់ខ្លួន​តាម​ការកំណត់​របស់​ប្រធាន​គណៈកម្មាធិការ ព្រមទាំង​ទទួល​ថវិកា​ពី​កញ្ចប់​ថវិកា​ពិសេស​រប​ស់រាជ​រដ្ឋាភិបាល​សម្រាប់​ដំណើរការ​រដ្ឋបាល ការរៀបចំ​កិច្ចប្រជុំ​សមាគម​ច្បាប់​អាស៊ាន​តាម​វេន និង​ការចូលរួម​ប្រជុំ​ជា​អន្តរជាតិ ។​

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(BAKC) បច្ចុប្បន្ន មាន​លោក​មេធាវី សួន វិសាល អត្តលេខ​១៤៣ ជា​ប្រធាន ។ មុន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​មេធាវី សួន វិសាល ទទួលបាន​ការតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណរដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១០៨/១២១១ ចុះ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០០៨ ពោលគឺ​មាន​ឋានៈ​ជា «​ឯកឧត្តម​មេធាវី​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.