ខ្សែបម្រើស្លាប Riyad Mahrez ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរីអនុញ្ញាតឲ្យចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ បន្តធ្វើដំណើរមកកាន់ក្លិប Leicester City ដើម្បីធ្វើការបង្ហើយក្នុងការផ្ទេរចេញពីក្លិបមួយនេះ មុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ ។
កីឡាករវ័យ២៦ឆ្នាំរូបនេះជាគោលដៅសំខាន់នៃការដេញថ្លៃរបស់ក្លិប AS Roma ចំនួន៣លើករួចមកហើយ តាំងពីកីឡាកររូបនេះបានបញ្ជាក់ពីបំណងចង់ផ្លាស់ចេញពី Leicester មកម្ល៉េះ ។
មិនមែនតែក្លិប AS Roma មួយទេ ដែលចាប់អារម្មណ៍លើ Mahrez សូម្បីតែ Barcelona, Manchester United, Chelsea ក៏ចាប់អាម្មណ៍នឹងកីឡាករឆ្នើមរបស់ Leicester មួយនេះដែរ ។
គួរបញ្ជាក់ជូនដែរថា ការដេញថ្លៃលើកចុងក្រោយរបស់ AS Roma លើម្ចាស់ពានកីឡាករឆ្នើមជាងគេនៅ Premier League ប្រចាំរដូវកាល២០១៥-២០១៦ គឺ៣២លានផោន តែត្រូវក្លិប Leicester ច្រានចោល ។
ដូច្នេះមកដល់ពេលនេះវាសនារបស់ Mahrez មិនទាន់អាចកំណត់បានថា ត្រូវទៅរួមរស់ជាមួយក្លិបមួយណាឲ្យប្រាកដទេ ៕
ប្រភព៖BBC