គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Vahid Halilhodzic ជឿជាក់ថាកីឡាករជម្រើសជាតិជប៉ុនទាំងអស់នឹងក្លាយជាកីឡាករសាមូរ៉ៃរបស់ជប៉ុនយ៉ាងពិតប្រាកដ ក្នុងការប្រកួតដែលនៅសល់នៃការប្រកួតជម្រុះ World Cup 2018 ។
ក្រុម សាមូរ៉ៃខៀវ របស់ជប៉ុនត្រូវការជ័យជំនះលើក្រុមជម្រើសជាតិអូស្ត្រាលីដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2018 ។ អ្នកគ្រប់គ្រងសញ្ជាតិស៊ែប៊ីរូបនេះ មានទំនុកចិត្តយ៉ាងខ្លាំងថា នឹងទទួលជ័យជំនះ លើក្រុមភ្ញៀវអូស្ត្រាលីល្ងាចនេះ ដើម្បីដឹកដៃជម្រើសជាតិជប៉ុនទៅកាន់ប្រទេសរុស្ស៊ី (ម្ចាស់ផ្ទះ World Cup 2018) ឆ្នាំក្រោយនេះ ។
មុនការប្រកួតមកដល់អ្នកចាត់ការជម្រើសជាតិជប៉ុនបានថ្លែងក្នុងសន្និសីទកាសែតថា «កូនក្រុមរបស់ខ្ញុំគ្មានការភ័យខ្លាចទេក្នុងការស្វាគមន៍ជម្រើសជាតិអូស្ត្រាលី ព្រោះការប្រកួតក្នុងផ្ទះយើងមានអ្នកគាំទ្រច្រើនដែលជាកម្លាំងចិត្តដ៏ពិសេសមួយដើម្បីជំរុញឲ្យក្រុមរបស់យើងឈ្នះ និងធ្វើការប្រកួតដោយភាពជឿជាក់» ។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិជប៉ុន និងត្រូវស្វាគមន៍ ជម្រើសជាតិអូស្ត្រាលី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ វេលាម៉ោង ៥និង៣៥នាទីល្ងាចនេះ ក្នុងជំនួបវគ្គជម្រុះក្នុងពូល B ដែលជាការប្រកួតលើកទី៩ ខណៈម្ចាស់ផ្ទះឈរនៅចំណាត់ថ្នាក់លេខ១ និង ក្រុមភ្ញៀវអូស្ត្រាលីឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល ៕
ប្រភព៖Fox Sports