សំណុំរឿងឃាតកម្មបាញ់សម្លាប់លើលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ដ៏ល្បីឈ្មោះនៅកណ្តាលរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០០៤ រហូតមកទល់នឹងពេលនេះមានរយៈពេលជិត១៤ឆ្នាំហើយ ខណៈអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បានវែកមុខ និងចាប់ខ្លួនឃាតកដៃដល់យកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ បែរជាតំណាងរាជរដ្ឋាភិបាលកម្ពុជាបានត្រឹមពោលពាក្យថា «សោកស្តាយ» និងទម្លាក់កំហុសទៅលើក្រុមគ្រួសារជនរងគ្រោះថា «ខ្វះការសហការ» ទៅវិញ ជាហេតុធ្វើឲ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះសម្តែងនូវការហួសចិត្តឥតអ្វីថ្លែង ។
បទអន្តរាគមន៍របស់ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាលកម្ពុជាដែលកត់ត្រានៅក្នុងសម្រង់របាយការណ៍នៃគណៈកម្មាធិការជំនាញឆ្នាំ២០១៧ករណីការអនុវត្តអនុសញ្ញាលេខ៨៧របស់ព្រះរាជាណាចក្រកម្ពុជាក្នុងសន្និសីទអន្តរជាតិវិស័យការងារលើកទី១០៦ពាក់ព័ន្ធនឹងករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា, រស់ សុវណ្ណារ៉េត និង ហ៊ី វុទ្ធី ថា «រាជរដ្ឋាភិបាលពិតជាសោកស្តាយដែលមិនអាចជំរុញការស៊ើបអង្កេតដោយមានបញ្ហាប្រឈមជាច្រើន រួមទាំងកង្វះខាតការសហការពីក្រុមគ្រួសារជនរងគ្រោះ ។» ។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលនៅមានព្រះជន្ម ទ្រង់ចាត់ទុកជាអ្នកស្នេហាជាតិដ៏ប្រសើរមួយរូបតាមព្រះរាជសារចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៥នោះ ត្រូវបានឃាតកយង់ឃ្នងបាញ់សម្លាប់នាថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅមុខតូបលក់កាសែតក្បែររបងវត្តលង្កា ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជាមួយនឹងការសម្រេចបង្គាប់ឲ្យដោះលែងបុរសវ័យក្មេងពីរនាក់ឈ្មោះ ប៊ន សំណាង និងឈ្មោះ សុខ សំអឿន ដែលសមត្ថកិច្ចនគរបាលយុត្តិធម៌ចាប់ខ្លួន និងស្ថាប័នតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឃាតកម្មគិតទុកជាមុនលើលោក ជា វិជ្ជា អស់រយៈពេលច្រើនឆ្នាំទាំងអយុត្តិធម៌មានសេរីភាពវិញតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២៣៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ របស់តុលាការកំពូល គឺតុលាការកំពូលក៏បានសម្រេចបង្គាប់ឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតប្រឆាំងលើជនល្មើសមិនស្គាល់មុខដែលបានធ្វើឃាតលោក ជា វិជ្ជា ផងដែរ ។
យោងតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២៣៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣របស់តុលាការកំពូល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានចេញលិខិតផ្លូវការលេខ៦៩អយខ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤គោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ស្នើឲ្យមានការស្រាវជ្រាវ ស៊ើបអង្កេតកំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើសដែលបានធ្វើឃាតលោក ជា វិជ្ជា និងប្រមូលព័ស្តុតាងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។
លើសពីនេះ យោងតាមសំណើរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខធ្លាប់បានសម្រេចតែងតាំងសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា, ហ៊ី វុទ្ធី និង រស់ សុវណ្ណារ៉េត ដោយសេចក្តីសម្រេចលេខ៧៣សសរ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ផងដែរ ប៉ុន្តែរហូតមកទល់បច្ចុប្បន្នមានរយៈពេលជិត២ឆ្នាំហើយ ក៏មានសភាព «ស្ងាត់ឈឹងដូចចោរលួចសេះ» ដដែល ។
លោក ជា មុនី សមាជិកគណៈកម្មាធិការនាយក អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាប្អូនប្រុសបង្កើតរបស់សពលោក ជា វិជ្ជា បានមានប្រសាសន៍ប្រាប់គេហទំព័រសារព័ត៌មានដើមត្នោតតាមទូរស័ទ្ទនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះឲ្យដឹងថា «រូបខ្ញុំជាតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងក្តីឃាតកម្មលោក ជា វិជ្ជា នៅស្ថាប័នតុលាការជាហូរហែកន្លងមក មិនមានឈ្មោះនៅក្នុងសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា, ហ៊ី វុទ្ធី និង រស់ សុវណ្ណារ៉េត ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជានោះទេ ។ ខ្ញុំមិនដែលបានទទួលព័ត៌មានអ្វីសូម្បីតែបន្តិចពីគណៈកម្មាធិការអន្តក្រសួងដើម្បីចូលរួមសហការ ។ ដូច្នេះ ការណ៍ដែលតំណាងរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា ខ្វះការសហការពីក្រុមគ្រួសារជនរងគ្រោះនោះ គឺជារឿងភូតភរបំផ្លើសខុសការពិតទាំងស្រុង ។ » ។
គួរបញ្ជាក់ជូនដែរថា លោក រស់ សុវណ្ណារ៉េត អតីតមេដឹកនាំសហជីពសេរីកម្មករនៃរោងចក្រទ្រីនុងហ្គាល កូមារា ត្រូវបានឃាតកបាញ់សម្លាប់នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០០៤ នៅរាជធានីភ្នំពេញ និងលោក ហ៊ី វុទ្ធី អតីតមេដឹកនាំសហជីពសេរីកម្មករនៃរោងចក្រសាន់តិច (Sun Tex) ត្រូវបានឃាតកបាញ់សម្លាប់នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៧ នៅរាជធានីភ្នំពេញ ៕