ឆ្លងកាត់ការប្រកួតអស់ជាច្រើនវគ្គកន្លងមកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី នៅថ្ងៃនេះដែរកីឡាករ កីឡាការិនីរបស់កម្ពុជាយើងទទួលបានមេដាយម្នាក់១ទៀតហើយ ។
វីរនារីរបស់កម្ពុជា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនី Alora របស់ហ្វីលីពីនក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម ដោយឈ្នះពិន្ទុ ១៣ទល់នឹង៦ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ ។
ចំណែកឯវិញ្ញាសាប្រដាល់សេរីវិញ កីឡាកររហស្សនាម នាគខ្មៅ ឃឹម ឌីម៉ា របស់កម្ពុជាក៏បានដណ្តើមមេដាយមាស១មកជូនកម្ពុជាយើងដែរក្រោយយកឈ្នះជើងខ្លាំងរបស់ថៃក្នុងលទ្ធផលពិន្ទុប្រកៀកប្រកិតគ្នា ២៩ទល់នឹង២៨ រីឯកីឡាករ ម៉ឺន សុភា បានត្រឹមឈ្នះមេដាយប្រាក់ប៉ុណ្ណោះក្រោយប្រកួតចាញ់កីឡាករថៃ Anueng K ដោយលទ្ធផលពិន្ទុ២៧ទល់នឹង៣០ ។
គួរបញ្ជាក់ផងដែរថា នេះជាមេដាយមាសទី៣របស់កម្ពុជាយើងហើយក្នុងការដណ្តើមបានពីកីឡាស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី ដោយមេដាយទី១បានមកពីការប្រកួតកីឡាប៉េតង់វិញ្ញាសាវាយគូនារី និងមេដាយមាសទី២ បានមកពីការប្រកួតប្រដាល់សេរី និងមេដាយមាសទី៣បានមកពីកីឡាតេក្វាន់ដូ ៕
ប្រភព៖ MoEys Cambodia