នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញលិខិតលេខ១៩៤សជណ ជូនដំណឹងអំពីការសូមអភ័យទោសចំពោះកំហុសឆ្គងក្នុងការគណនាថ្លៃទឹកថ្មីដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់អតិថិជនទាំងអស់ (អ្នកប្រើប្រាស់ទឹកនៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល) ។ លើសពីនេះ ជាមួយនឹងការអះអាងថា នឹងមិនឲ្យមានការខុសឆ្គងជាលើកទី២នោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានប្រកាសថា នឹងធ្វើការកែតម្រូវការគណនាតម្លៃទឹកត្រឡប់ទៅតាមរបៀបគណនាចាស់ និងសងជូនអតិថិជនវិញនូវរាល់ទឹកប្រាក់លម្អៀងជាបន្ទាន់ផងដែរ ។
ការប្រកាសសូមអភ័យទោសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំពោះអតិថិជនរបស់ខ្លួនយ៉ាងតក់ក្រហល់នេះ គឺកើតឡើងបន្ទាប់ពីមានប្រតិកម្មរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាម Facebook ដែលមានខ្លឹមសារថា «ថ្ងៃនេះ ខ្ញុំទើបបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិច និងអ្នកប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើឲ្យនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តន៍បាន ។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំឲ្យបញ្ចុះថ្លៃទឹក ។ ខ្ញុំបានបញ្ជាឲ្យទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងរដ្ឋលេខាធិការ ឯក សុនចាន់ ចុះធ្វើការជាមួយរដ្ឋាករទឹកដើម្បីវិលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី ។ សូមអរគុណចំពោះបងប្អូនប្រជាជនដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ ។ » ៕