«ចង់ស គឺសបាន» ជាទ្រឹស្តីសផ្សព្វផ្សាយពាណិជ្ជកម្មនូវឥទ្ធិពលនៃឡេលាបស្បែកឲ្យស ដែលកំពុងពេញនិយមខ្លាំងសម្រាប់ស្ត្រីភេទនៅប្រទេសកម្ពុជាបច្ចុប្បន្ន ។ ព្រោះតែឥទ្ធិពលឡេលាបស្បែកឲ្យសនេះពេញនិយមដូច្នេះហើយ ទើបមានជនមួយចំនួនហ៊ានផលិត និងចែកចាយឡេលាបស្បែកតាមរបៀបលួចលាក់គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល បង្កឲ្យមានការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
ជាក់ស្តែងនៅទីតាំងផ្ទះលេខ១៣០ ភូមិព្រែកតាពៅ៣ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជ្រកក្រោមស្លាកយីហោ «999 វុទ្ធថេត កាត់ដេរ» ម្ចាស់ទីតាំងនេះលួចផលិតឡេលាបស្បែកលក់តាម Online យ៉ាងហ៊ឺហា ប៉ុន្តែជួបសយក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ។
បេសកកម្មរបស់សមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបទីតាំងផលិត និងចែកចាយឡេលាបស្បែកគ្មានច្បាប់អនុញ្ញាតនេះ កើតមានឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់អតិថិជនរងគ្រោះប្រតិកម្មស្បែកដោយសារការប្រើប្រាស់ឡេលាបស្បែកឲ្យស ឈ្មោះ «Love Riya» រួចមក ។
សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនម្ចាស់ទីតាំងផលិតឡេលាបស្បែកឈ្មោះ ឆេង ស្រីរ័ត្ន ភេទស្រី អាយុ៣២ឆ្នាំ និងវត្ថុតាងផលិតផលសម្រាប់ផលិតឡេលាបស្បែកជិត៣០ប្រភេទ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ។
អតិថិជនអ្នកធ្លាប់ប្រើប្រាស់ផលិតផលឡេលាបស្បែកឲ្យសម្នាក់ បាននិយាយរៀបរាប់ឲ្យដឹងថា អ្នកលក់ចែកចាយផលិតផលឡេលាបស្បែកឲ្យសចេះប្រើប្រាស់រូបសម្រស់នារីប្រកបដោយសាច់ស្បែកសខ្ចី ដើម្បីឃោសនាលក់ផលិតផលឡេនាំឲ្យគាត់ដែលមានបំណងចង់បានស្បែកសស្រាប់ផងនោះ អត់ទ្រាំមិនបានត្រូវតែសម្រេចចិត្តទិញយកទៅប្រើប្រាស់ដោយមិនបានគិតគូរដល់ភាពស្របច្បាប់ ឬមិនស្របច្បាប់ និងប៉ះពាល់ដល់សុខភាពអ្វីឡើយ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ឡេលាបស្បែកឲ្យសតាមការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកផលិត និងលក់ចែកចាយឡេនោះ បាននាំគ្នាសម្តែងនូវការអបអរសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលបង្ក្រាបសកម្មភាពផលិត និងលក់ចែកចាយផលិតផលឡេលាបស្បែកខុសច្បាប់ខាងលើទាន់ពេលវេលាដូចបានចូលរួមកាត់បន្ថយ និងបញ្ឈប់ផលប៉ះពាល់ខាងសុខភាពដល់អ្នកប្រើប្រាស់ទាំងឡាយ ៕