យោងស្មារតីអង្គប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា (CPP) បានចេញសេចក្តីណែនាំមួយលេខ០២០/១៧លគ.គក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីវិធានការមួយចំនួនសម្រាប់អនុវត្តយុទ្ធសាស្ត្រ «សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក» ដែលចាត់ទុកជា «សម្ងាត់» ប៉ុន្តែបាន «បែកធ្លាយ» ចេញមកក្រៅក្លាយជា «លែងសម្ងាត់» ។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយមានទ្រព្យសម្បត្តិមហាសាល មានរចនាសម្ព័ន្ធញឹកស្អេកពីលើដល់ក្រោម និងកំពុងកាន់កាប់អំណាចនៅកម្ពុជាអស់រយៈពេលជិត៤០ឆ្នាំ បានទទួលស្គាល់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ គណបក្សទទួលបានអត្រាសំឡេងឆ្នោតគាំទ្រធៀបនឹងចំនួនសមាជិកបក្សកម្រិត៦៥,៨ភាគរយ (សមាជិកបក្សចំនួន៥ ៣៧០ ៣១៣នាក់ និងសំឡេងឆ្នោតគាំទ្របានការចំនួន៣ ៥៤០ ០៥៦សំឡេង) ខណៈអត្រាសំឡេងឆ្នោតគាំទ្រធៀបនឹងចំនួនសមាជិកបក្សក្នុងកម្រិតខ្ពស់បំផុត គឺនាសម័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី២ ឆ្នាំ២០០៧ ស្មើនឹង៧២,៣៨ភាគរយ ។ អត្រាសំឡេងឆ្នោតប្រែប្រួលនេះ ត្រូវបានគណបក្សអះអាងថា ដោយសារមូលហេតុផ្សេងៗជាច្រើនពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពនៃការគ្រប់គ្រងចំនួនសមាជិកបក្ស ក៏ដូចជាបញ្ហាគុណភាពសតិអារម្មណ៍នយោបាយរបស់សមាជិកបក្សទៅតាមដំណាក់កាលនៃការបោះឆ្នោតនីមួយៗ ។
ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងគុណភាពសតិអារម្មណ៍នយោបាយរបស់សមាជិកបក្សនោះ គណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ «សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក» និងដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សបានដាក់ចេញនូវវិធានការជាក់ស្តែងមួយចំនួន ជាពិសេស «ការធ្វើបច្ចុប្បន្នភាពចំនួនសមាជិកបក្ស» ដូចខាងក្រោម ៖