ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

ទីប្រឹក្សា​មហា​សំពីងសំពោង ! ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រមូល​កៀរគរ​មេដឹកនាំ​សហជីព​គាំទ្រ​បក្ស​កាន់អំណាច​ខ្ទង់រយ​នាក់​ឲ្យ​មក​ធ្វើជា​ទីប្រឹក្សា​អម​ក្រសួង

​ក្រៅពី​មាន​មេដឹកនាំ​សហជីព​មួយចំនួន​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ទីប្រឹក្សា​អម​ទីស្តីការគណៈរដ្ឋមន្ត្រី​… គឺ​នាពេល​ថ្មីៗ​នេះ​មាន​មេដឹកនាំ​សហជីព​ខ្ទង់រយ​នាក់​ទៀត ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលមាន​ឯកឧត្តម អ៊ិត សំហេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋមន្ត្រី ប្រមែប្រមូល​កៀរគរ​តែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ឋានៈ​ស្មើ​អគ្គនាយក (​ឋានៈ​ជា​ឯកឧត្តម​-​លោកជំទាវ​) និង​ឋានៈ​ស្មើ​អគ្គនាយករង​ព្រោងព្រាត ។

​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៦​កន្លងទៅ មាន​មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងតិច​ចំនួន​១០​នាក់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ឋានៈ​ស្មើ​អគ្គនាយក (​ឋានៈ​ជា​ឯកឧត្តម​-​លោកជំទាវ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៦៧៦ ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ និង​ខណៈ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ក៏មាន​មេដឹកនាំ​សហជីព​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦​នាក់ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ឋានៈ​ស្មើ​អគ្គនាយក ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៦/៥២៥ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦ ។

​នាពេល​ថ្មីៗ​នេះ​ទៀត ក្រោយពេល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤​បានបញ្ចប់ និង​ត្រៀម​ឈានទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​ខាងមុខ ទំនងជា​ដើម្បី​ប៉ះប៉ូវ​លើកទឹកចិត្ត​ក្នុងការ​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាន​មេដឹកនាំ​សហជីព​ចំនួន​១៥​នាក់ ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (១​នាក់​) និង​មាន​ឋានៈ​ស្មើ​អគ្គនាយក (១៤​នាក់​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦២៧ ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ។ លើសពីនេះ មាន​មេដឹកនាំ​សហជីព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​នាក់​ទៀត​ក៏​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​អគ្គនាយករង ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩០៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ។

​ជាក់ស្តែង ដូចជា​លោក មុំ សៀក ជា​ប្រធាន​សហព័ន្ធ​សហជីព​ស្មារតី​កម្មករ​ខ្មែរ (KFWS) ផង មាន​ក្របខ័ណ្ឌ​ជា​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ផង និង​ជា​សមាជិក​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ផង ធ្លាប់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងផែនការ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (​មិន​ទទួល​ប្រាក់បៀវត្សរ៍​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៥/៨៣៤ ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៥ ។ ប៉ុន្តែ ឥឡូវនេះ​ឯកឧត្តម មុំ សៀក ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (​មាន​ប្រាក់បៀវត្សរ៍​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨១៧/៦២៧ ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែមទៀត​នោះ គឺ​សូម្បី​កូនប្រុស​-​ស្រី របស់​ឯកឧត្តម ជួន មុំ​ថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ (CUF) និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) មន្ត្រីរាជការ​សាធារណៈ​ឋិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៥/២៧៧ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៥) ទីប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៣/១៤០៤ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣) ក៏ត្រូវ​បាន​កៀរគរ​តែងតាំង​ឲ្យ​មក​ធ្វើជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ឋានៈ​ស្មើ​អគ្គនាយករង​ផងដែរ រួមមាន ៖ លោក ជួន​មុំ​ថុល វីរៈ​ទេព​, លោក ជួន​មុំ​ថុល ច័ន្ទ​ថង និង​លោកស្រី ជួន​មុំ​ថុល រស្មី​… ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.