ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស អាយុ៤៥ឆ្នាំ អតីតប្រធានគណបក្សអំណាចខ្មែរដាក់ពន្ធនាគារកំណត់៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ, បទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញតិ្តមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
លោក សួន សេរីរដ្ឋា ដែលមានសញ្ជាតិខ្មែរ-អាមេរិក ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីបុរសអតីតប្រធានគណបក្សអំណាចខ្មែររូបនេះ Post បង្ហោះសារជាសាធារណៈតាមបណ្តាញទំនាក់ទំនងសង្គម Facebook ប្រើប្រាស់ Page ឈ្មោះ «Sourn Serey Ratha» កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានអាជ្ញាធរអះអាងថា មានចរិតបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។ ជនត្រូវចោទរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់បើកការស៊ើបសួរ និងឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ។
នៅថ្ងៃដែលតុលាការសម្រេចចោទប្រកាន់បើកការស៊ើបសួរ និងឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារនោះ ជនត្រូវចោទឈ្មោះ សួន សេរីរដ្ឋា ក៏បានធ្វើលិខិតមួយច្បាប់ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ប្រកាសលាលែងពីប្រធានគណបក្សអំណាចខ្មែរ ដោយលើកមូលហេតុថា «មានភារកិច្ចផ្ទាល់ខ្លួន» ។
អតីតមេបក្សអំណាចខ្មែរ គឺលោក សួន សេរីរដ្ឋា ធ្លាប់ត្រូវបានស្ថាប័នតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពីបទញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងរួមគំនិតក្បត់ជាតិ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៣១ «ក្រII.ប» ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥របស់សាលាឧទ្ធរណ៍ ។ ទោះបីលោក សួន សេរីរដ្ឋា ជាប់ឈ្មោះជាទណ្ឌិត តែត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យមានការចុះបញ្ជីគណបក្សអំណាចខ្មែរមានរូបលោកជាប្រធានជាផ្លូវការនាខែមីនា ឆ្នាំ២០១៥ ព្រមទាំងទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧០៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរការលើកលែងទោសដល់ទណ្ឌិតឈ្មោះ សួន សេរីរដ្ឋា តាមសំណើរបស់បុរសខ្លាំងដែលបើកផ្លូវឲ្យអ្នកនយោបាយជើងថ្មីរូបនេះមានឱកាសវិលត្រឡប់មកដឹកនាំគណបក្សអំណាចខ្មែរនៅលើទឹកដីកម្ពុជា គឺបានធ្វើឲ្យមជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាឈ្វេងយល់ឃើញថា រវាងលោក សួន សេរីរដ្ឋា និងគណបក្សប្រជាជនកម្ពុជា ប្រាកដជាមានទំនាក់ទំនងពិសេសជាមួយគ្នាយ៉ាងជិតស្និទ្ធ ។
កាលពីឆ្នាំ២០១០កន្លងទៅ លោក សួន សេរីរដ្ឋា អតីតប្រធាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌ និងសមធម៌ ត្រូវបានខុទ្ទកាល័យបុរសខ្លាំងប្រកាសឲ្យដឹងថា បុរសខ្លាំងពេញចិត្ត និងស្វាគមន៍តែងតាំងជាទីប្រឹក្សាផ្ទាល់បុរសខ្លាំង មានឋានៈស្មើរដ្ឋមន្ត្រី និងជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលត្រូវតែងតាំងដោយរាជរដ្ឋាភិបាល ។ លើសពីនេះ ខុទ្ទកាល័យបុរសខ្លាំងក៏បានប្រកាសឲ្យដឹងដែរថា នឹងធានាទទួលបន្ទុកផ្គត់ផ្គង់លើការស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងការចំណាយផ្សេងៗតាមសេចក្តីត្រូវការរបស់លោក សួន សេរីរដ្ឋា ទៀតផង ។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជាបាន និងកំពុងរង់ចាំមើលថា តើជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា សម្រេចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទាទោសរូបលោកដាក់ពន្ធនាគារកំណត់៥ឆ្នាំនោះដែរឬទេ និងជាពិសេសប្រសិនបើលោក សួន សេរីរដ្ឋា ក្លាយជាទណ្ឌិតតើអាចមានឱកាសទទួលបានការលើកលែងទោសតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជាលើកទី២ទៀតដែរឬយ៉ាងណា ? ៕