ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

មេ​ទ្រាំលែងបាន​ហើយ ! ផ្កាយ​៣​ប៉ូលិស​២​នាក់​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​រង​ការព្រមាន​ធ្ងន់ៗ​ពី​ឧកញ៉ា​ផ្កាយ​៣ ឈន សា​រ៉ា​ណេ ជា​អគ្គនាយករង​​ (មានព័ស្តុតាងជាសំឡេង)

​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ​ចំនួន​២​នាក់ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កុសល ភិរម្យ អត្តលេខ​០៦៥៨ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ក ឈុន អត្តលេខ​០៧៦៥ ប្រធាន​នាយកដ្ឋាន​ស្ថាបនា​បានទទួល​រង​នូវ​ការព្រមាន​ធ្ងន់ៗ​ពី​សំណាក់​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ អត្តលេខ​៧៧៨៨៨ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការបំពេញ​មុខងារ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ធ្ងន់ៗ បន្ទាប់ពី​ទទួល​ព័ត៌មាន​បាន​ថា ក្រុមកីឡា​ក្រសួងមហាផ្ទៃ​ប្រតិកម្ម សតិអារម្មណ៍ និង​ខឹងសម្បា​ចំពោះ​អំពើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កុសល ភិរម្យ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ថា «​លោក​ឧ​ត្ត​ម​សេនីយ៍ កុសល ភិរម្យ លោក​ឯង​មិនអាច​ធ្វើជា​ស្តេចត្រាញ់​នៅក្នុង​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​បានទេ កាលណា​មាន​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ នៅ​ទីនោះ ។ លោក​ឯង​កុំ​ខ្លាំង កុំ​ព្រហើន លោក​ឯង​មាន​ខ្នង​ប៉ុនណា​ក៏ដោយ ឈន សា​រ៉ា​ណេ មិន​ខ្លាច​ដែរ ។ លោក​ឯង​ត្រូវ​ដកខ្លួន​ថយ​ចេញពី​ការងារ​ដែល​ជ្រៀតជ្រែក កាង​គេ និង​ធ្វើបាប​គេ … » ។

​ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ ក៏បាន​ព្រមាន​ប្រាប់​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ក ឈុន ប្រធាន​នាយកដ្ឋាន​ស្ថាបនា​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ថា «​មុន​តែងតាំង​មន្ត្រី តិច​ខ្លាច​ឧ​ត្ត​ម​សេនីយ៍ កុសល ភិរម្យ មិន​ឆ្លង​ខ្ញុំ​មិនបាន នឹងមាន​រឿង​ធំ​ជាមួយ​ខ្ញុំ​…» ។

​លោក​ឧ​ត្ត​ម​សេនីយ៍ កុសល ភិរម្យ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​០៦៥៨ ទទួលបាន​ការតែងតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៧៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ និង​ក្រោយមកទៀត ក៏​ទទួលបាន​ការតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប ។ តម​ក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កុសល ភិរម្យ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៩៣ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥ ។

​លោក​ឧ​ត្ត​ម​សេនីយ៍ ឌុ​ក ឈុន នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​០៧៦៥ ទទួលបាន​ការតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ស្ថាបនា​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៧៧​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ ។ ក្រោយមក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌុ​ក ឈុន ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៣/១៣៤៣ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៣ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៩៣ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៥ ។​

​រីឯ លោក ឈន សា​រ៉ា​ណេ គឺជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៥/៤៣៣ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០០៥ ។ ក្រៅពី​ជា​អ្នកជំនួញ លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ក៏​ជា​អតីត​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤៤៥៤ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) កាន់​មុខតំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​មកជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​៧៧៨៨៨​វិញ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៩៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯកឧកញ៉ា ឈន សា​រ៉ា​ណេ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៩៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។​

​មិនទាន់​ឃើញ​មានប្រតិកម្ម​តប ឬ​ការបំភ្លឺ​បញ្ជាក់​ណាមួយ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កុសល ភិរម្យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌុ​ក ឈុន នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​នឹង​ការព្រមាន​ធ្ងន់ៗ​ពី​សំណាក់​លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.