ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា វិវាទផ្ទាល់ខ្លួនរវាងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមសមាជិក សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចំនួន៦១នាក់ ក្លាយជាសំណុំរឿងក្តីនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ត្រូវបានបញ្ចប់ហើយក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោយោធា ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហៅបុរសខ្លាំង អគ្គលេខាធិការរងទី១នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា (គកប) និងត្រូវជាកូនប្រុសបង្កើតរបស់បុរសខ្លាំង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សំណុំរឿងក្តីព្រហ្មទណ្ឌរវាងក្រុមមេធាវីចំនួន៦១នាក់ និងលោក វ៉ាន់ ពុទ្ធិពល នៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះត្រូវបានបញ្ចប់ក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោយោធា ហ៊ុន ម៉ានិត កូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដោយភាគីលោក វ៉ាន់ ពុទ្ធិពល ជាជនសង្ស័យធ្វើការ «សុំទោស» និងភាគីក្រុមមេធាវីជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងបទជេរប្រមាថជាសាធារណៈ យល់ព្រម «ដកពាក្យប្តឹង» ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ឯកឧត្តមមេធាវី លី ច័ន្ទតុលា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៥៨១ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលតំណាងឲ្យក្រុមមេធាវីចំនួន៦០នាក់ផ្សេងទៀតជាដើមបណ្តឹងនោះបានដាក់ពាក្យសុំដកបណ្តឹងជាផ្លូវការទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីឈានទៅបញ្ចប់សំណុំរឿងក្តី ។
អនុលោមតាមបញ្ញត្តិមាត្រា ៣០៩ កថាខណ្ឌទី៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីនីតិវិធីបណ្តឹងចំពោះបទបរិហារកេរ្តិ៍ និងបទជេរប្រមាថ គឺការដកពាក្យប្តឹងវិញរបស់អ្នកប្តឹងនាំឲ្យបណ្តឹងអាជ្ញារលត់ ។ មានន័យថា សំណុំរឿងក្តីក៏ត្រូវបញ្ចប់ជាស្ថាពរដែរ ។
មុននឹងឈានដល់មានការដកពាក្យប្តឹងរបស់ក្រុមមេធាវីចំនួន៦១នាក់ជាដើមបណ្តឹងរដ្ឋប្បវេណី ក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោយោធា ហ៊ុន ម៉ានិត កូនប្រុសបង្កើតរបស់បុរសខ្លាំងនោះ គឺសំណុំរឿងក្តីនេះធ្លាប់ត្រូវបានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តមមេធាវី សួន វិសាល អត្តលេខ១៤៣ ជាប្រធានគណៈមេធាវី និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីមានឋានៈស្មើរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានពន្ធដារដឹកនាំដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំដោយឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបើកកិច្ចប្រជុំកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅសម្រេចស្នើឲ្យមានការបញ្ចប់វិវាទផ្ទាល់ខ្លួនរវាងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងក្រុមសមាជិក សមាជិកាគណៈមេធាវីចំនួន៦១នាក់ ដោយសន្តិវិធី និងយោគយល់គ្នាក្នុងកម្រិតខ្ពស់បំផុត ។
គួររំលឹកជូនថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧កន្លងទៅ សមាជិក សមាជិកាគណៈមេធាវីចំនួន៦១នាក់ បានចុះហត្ថលេខារួមគ្នាដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញតាមបណ្តាញទំនាក់ទំនងសង្គម Facebook ។ ដើមបណ្តឹងរដ្ឋប្បវេណីដែលជាមេធាវីទាំង៦១នាក់បាននាំគ្នាទាមទារសំណងជំងឺចិត្តពីលោក វ៉ាន់ ពុទ្ធិពល ជាទឹកប្រាក់ចំនួន៤០លានរៀលចំពោះមេធាវីម្នាក់ៗដែលជាហត្ថលេខីនៃពាក្យបណ្តឹង ពោលគឺសរុបទឹកប្រាក់ស្មើនឹងប្រមាណ៦១ម៉ឺនដុល្លារអាមេរិក ។
ដើមហេតុដែលនាំឲ្យលោក វ៉ាន់ ពុទ្ធិពល ទទួលរងការប្តឹងផ្តល់ពីសំណាក់សមាជិក សមាជិការគណៈមេធាវីចំនួន៦១នាក់នោះ គឺបន្ទាប់ពីគណៈមេធាវីបានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗក្រោមប្រធានបទស្តីពី «កាតព្វកិច្ចបង់ពន្ធ» ក្រោមអធិបតីភាពឯកឧត្តម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាមួយនឹងវត្តមានសមាជិក សមាជិកាគណៈមេធាវីចូលរួមចំនួន២០៥នាក់ ។ នៅក្នុងអង្គសិក្ខាសាលានេះ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមធ្វើជាវាគ្មិនធ្វើបទបង្ហាញលើប្រធានបទស្តីពី «កាតព្វកិច្ចសារពើពន្ធចំពោះវិជ្ជាជីវៈមេធាវី និងសារការី » ដែលបទបង្ហាញរបស់លោក វ៉ាន់ ពុទ្ធិពល បានធ្វើឲ្យសិក្ខាកាមមួយចំនួនមិនពេញចិត្ត ព្រមទាំងបានឈានទៅជជែកខ្វែងគំនិតតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលគ្នាវិញ ។ លុះដល់វេលាល្ងាចនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ដដែល លោក វ៉ាន់ ពុទ្ធិពល បាន Post តាមបណ្តាញទំនាក់ទំនងសង្គម Facebook ដោយប្រើប្រាស់ Account ឈ្មោះ «Puthipol Vann » មានខ្លឹមសារថា«ថ្ងៃនេះថ្នាក់លើប្រើឲ្យទៅប្រមូលគោបញ្ចូលក្រោលដើម្បីថែរក្សាឲ្យគត់មត់ ។ គោមួយចំនួនធំបានចូលក្រោលត្រឹមត្រូវ វៀរលែងតែអាពាល អាត្នោត និងអាទែក វាធ្លាប់តែនៅធ្វើព្យុះធ្វើភ្លៀងខាងក្រៅ ដើរជាន់ដំណាំ ស៊ីដំណាំអ្នកស្រុក កៀចមិនព្រមចូលក្រោល ។ មិនត្រឹមតែកៀច វាចង់ជល់ហើយធាក់ខ្ញុំទៀត ។ សុំសួរប្រិយមិត្ត តើអា៣ក្បាលហ្នឹងសមនឹងចាក់កន្លុះឲ្យតឹង ហើយសំពងនឹងទំពក់រនាស់ឲ្យបាក់លោងទេ ? សើច ! » ។
ម្ចាស់បណ្តឹងជាមេធាវីទាំង៦១នាក់ បានចាត់ទុកការ Post របស់លោក វ៉ាន់ ពុទ្ធិពល តាម Facebook ជាការប្រៀបធៀបសមាជិក សមាជិកាគណៈមេធាវីដែលជាអ្នកប្រកបវិជ្ជាជីវៈឯករាជ្យ ជាមួយនឹងសត្វគោស្នែងទែក សត្វគោពពាល និងសត្វគោសម្បុរត្នោត ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈឯករាជ្យមួយនេះ ហើយមិនអាចទទួលយកបាន និងអត់ឱនឲ្យបានឡើយ ព្រមទាំងមិនត្រឹមតែប៉ះពាល់ដល់កិត្តិយសសមាជិក សមាជិកាគណៈមេធាវីប៉ុណ្ណោះទេ ប៉ុន្តែថែមធ្វើឲ្យប៉ះពាល់ដល់មុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ។
តាមរយៈ Facebook ប្រើប្រាស់ Account ឈ្មោះ «Bun Honn» ឯកឧត្តមមេធាវី ប៊ុន ហុន អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី បាន Post តបទៅនឹងសាររបស់លោក វ៉ាន់ ពុទ្ធិពល វិញថា «នេះជាអំពើជេរប្រមាថជាសាធារណៈ ដែលមិនអាចអត់ឱនឲ្យបានឡើយ ។ ក្នុងឋានៈជាបញ្ញវន្ត និងជាមន្ត្រីរាជការមួយរូបមិនអាចមកប្រៀបធៀបមេធាវីជាសត្វគោទេ ។ តើលោកជាអ្វី ។ មនុស្សបែបនេះហើយដែលធ្វើឲ្យគេក្តៅក្រហាយ ។ ខ្ញុំសូមថ្កោលទោសចំពោះសំដីពាលអសីលធម៌បែបនេះ ។» លើសពីនេះ ឯកឧត្តម ប៊ុន ហុន បានលើកឡើងទៀតថា «សំដៅបែបនេះ គួរតែជាសំដីជនពាលដែលមិនធ្លាប់ចូលសាលាអប់រំ ។ វាមិនសមជាសំដីអ្នករាជការបម្រើរាស្ត្រទេ ។ អ្នករាជការ គេប្រើច្បាប់មកដោះស្រាយគ្នា មិនដែលជេរប្រមាថគ្នាតាម Facebook និងប្រមាថគេជាទូទៅបែបនេះទេ ។ ល្មមឲ្យគាត់ស្គាល់តម្លៃច្បាប់ខ្លះ កុំអាងខ្លួនមានលុយ មានអំណាច ។» ។
ដោយឡែក ពាក់ព័ន្ធនឹងករណីខាងលើ គណៈមេធាវីក៏បានបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈមេធាវីលើកទី១៧ជាបន្ទាន់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ តាមការកោះអញ្ជើញរបស់ឯកឧត្តមមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតចាត់ការនីតិវិធីបន្ត មានឯកឧត្តមមេធាវី សួន វិសាល អត្តលេខ១៤៣ ជាប្រធានគណៈកម្មការ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីចំនួន៤នាក់ទៀត ជាសមាជិកគណៈកម្មការ រួមមាន ៖ លោកមេធាវី ជូ ចាន់ធីរ៉ា អត្តលេខ០៧០ , លោកមេធាវី ឈី សម្បត្តិ អត្តលេខ២៩៨ , លោកមេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧ និងលោកស្រីមេធាវី លឹម ច័ន្ទលីដា អត្តលេខ៨០៣ ។
ជាកិច្ចឆ្លើយតបទៅនឹងប្រតិកម្មរបស់ក្រុមមេធាវីវិញ លោក វ៉ាន់ ពុទ្ធិពល បានបកស្រាយតាម Facebook ថា [ខ្ញុំគិតថា ជាការយល់ច្រឡំដូចពាក្យចាស់ថា «អូសសម្រាស់ប្រទះពាក្យ» ខ្ញុំសរសេររឿងគោ គឺសំដៅទៅលើមន្ត្រីក្រោមឱវាទមួយចំនួនដែលមិនព្រមសម្របខ្លួនតាមកំណែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមគោលដៅយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ដោយឆ្លៀតយកសិទ្ធិអំណាចរបស់ខ្លួនទៅអនុវត្តខុសច្បាប់ និងក្រមសីលធម៌របស់មន្ត្រីរាជការ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ខ្ញុំសូមបញ្ជាក់ថា សំណេររបស់ខ្ញុំពុំមានពាក្យ«មេធាវី » ហើយក៏ពុំបានសំដៅដល់ស្ថាប័នមេធាវី ដែលជាស្ថាប័នឯករាជ្យនោះទេ ។ ការប្រើពាក្យគោ ក្នុងទស្សនៈធៀបទៅនឹងការប្រើប្រាស់មន្ត្រីក្រោមឱវាទ ដូចជា ប្រើគោឲ្យស៊ីស្មៅផង ប្រើមើលតែគោ ក្របី ។ល។ ម្យ៉ាងទៀត ពាក្យគោ ក៏មិនមែនជាពាក្យអាក្រក់ដែរ ឥណ្ឌាខ្លះគោរពគោជាអាទិទេព ខ្មែរយើងមានជំនឿលើគោ (ឧសភរាជ) ក្នុងការព្យាករណ៍ផលកសិកម្ម ។ អាស្រ័យហេតុនេះ ប្រសិនបើសំណេររបស់ខ្ញុំមានការប៉ះពាល់ដល់មេធាវីដោយកត្តាណាមួយ ខ្ញុំសូមឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ដែលជាមេធាវីទាំងអស់ មេត្តាអភ័យទោសដល់រូបខ្ញុំ ។ ] ។
លោក វ៉ាន់ ពុទ្ធិពល អតីតប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ទទួលបានការតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩៨៥អនក្រ.តត ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ៕