ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ធ្លាយ​រឿង «​ស៊ីដាច់​របប​មេ​» ! ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​ម្នាក់​​សម្តែង​ការឈឺចាប់​ដោយសារ​មន្ត្រី​ខិលខូច​ស៊ីដាច់​របប​សាំង និង​ខោអាវ​ខ្លួន​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ

ក្រោម​ហេតុផល​ទទួលរង​នូវ​ការឈឺចាប់​ក្រោយពេល​ចូលកាន់​មុខតំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​បាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​បន្ទាប់ពី​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ក្រសួងមហាផ្ទៃ​រួចមក លោក​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ អត្តលេខ​៧៧៨៨៨ បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា របប​ប្រេងសាំង​ចំនួន​២៥០​លីត្រ​ក្នុង​មួយខែ និង​របប​សម្លៀកបំពាក់​ប៉ូលិស​របស់លោក​ត្រូវបាន​ក្រុមមន្ត្រី​ខិលខូច «​ស៊ីដាច់​» អស់​រយៈពេល​ជាង​១​ឆ្នាំ​តាំងពី​លោក​ផ្ទេរ​មក​ចូល​ក្របខ័ណ្ឌ​ប៉ូលិស ពោលគឺ​លោក​បាន​ចំណាយ​ប្រាក់​ខ្លួនឯង​ដើម្បី​បំពេញការងារ ។

​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​ទម្លាយ​ចេញ​ឲ្យ​ដឹង​ទៀតថា ធ្លាប់​ឮ​កូនចៅ​ប៉ូលិស​ប្រាប់ថា មន្ត្រី​មួយចំនួន​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ «​កាត់​» ឬ «​ស៊ីដាច់​» តាំងពី​ខ្សែក្រវាត់ ស្បែកជើង និង​របប​ខោអាវ​ប៉ូលិស ឥឡូវ​ដល់​ឋានៈ​រូបលោក​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទាំងមូល​ក៏ត្រូវ​មន្ត្រី​ខិលខូច​ទាំងនោះ «​ស៊ីដាច់​» ដែរ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ បាន​សង្កត់ធ្ងន់​ដែរ​ថា «​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​គ្មាន​នរណាម្នាក់​ហ៊ាន​និយាយ​ទេ ប៉ុន្តែ​សម្រាប់ ឈន សា​រ៉ា​ណេ ត្រូវតែ​ក្លាហាន​ហ៊ាន​និយាយ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ខាងលើ​ដឹង​» ។

​មជ្ឈដ្ឋាន​មន្ត្រីប៉ូលិស​តូចតាច​បាន​លាន់មាត់​ថា ឋានៈ​បុណ្យស័ក្តិ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ទាំងមូល​នៅមាន​គេ​ថ្លើមធំ​ហ៊ាន «​ស៊ីដាច់​» របប​សាំង និង​របប​ខោអាវ ចុះ​ទម្រាំ​ត្រឹម​កម្រិត​ថ្នាក់​មន្ត្រីប៉ូលិស​តូចតាច នឹងត្រូវ​ប្រឈម​ផលប៉ះពាល់​ក្នុងករណីនេះ​យ៉ាងណា​ទៅ ?

​មិនបាន​ដឹងថា តើ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​បាន​ជ្រាប​អំពី​រឿងរ៉ាវ​ក្រុមមន្ត្រី​ខិលខូច «​ស៊ីដាច់​» របប​ប្រេងសាំង និង​របប​សម្លៀកបំពាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឈន សា​រ៉ា​ណេ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ រួចហើយ ឬ​យ៉ាងណា​នៅឡើយ​ទេ ។

​លោក ឈន សា​រ៉ា​ណេ គឺជា​អ្នកជំនួញ​ដ៏​សកម្ម​ម្នាក់​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០០៥/៤៣៣ ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០០៥ ។ ក្រៅពី​ជា​អ្នកជំនួញ លោក​ឧកញ៉ា ឈន សា​រ៉ា​ណេ ក៏​ជា​អតីត​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០៤៤៥៤ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) កាន់​មុខតំណែង​ជា​នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​មកជា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ក្រសួងមហាផ្ទៃ អត្តលេខ​៧៧៨៨៨​វិញ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៩៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯកឧកញ៉ា ឈន សា​រ៉ា​ណេ ទទួលបាន​ការតែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៩៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.