ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

មេ គ​.​ជ​.​ប ៖ ពលរដ្ឋ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ គឺ​មិនអាច​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​បានឡើយ

ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​មួយ​លេខ​១១៥៥ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​ថា «​ការ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដើម្បី​បាន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ។ ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧​ទេនោះ គឺ​ពុំ​អាច​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​បានឡើយ ។ » ។

​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ត្រូវបាន គ​.​ជ​.​ប ប្រកាស​ឲ្យ​ដឹង​រួចហើយ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅតាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស ។ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ មាន​គោលដៅ​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព​តាមរយៈ ៖

១-​ការ​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត ៖ -​ដែល​បានទទួល​មរណភាព , -​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​, -​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង ដោយមាន​ឯកសារ​ជា​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុបចេញ​ពី​បញ្ជី​បោះឆ្នោត ។
២-​ការកែតម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹមត្រូវ ។
៣-​ការចុះឈ្មោះ​បោះឆ្នោត​សំដៅលើ ៖ -​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦, -​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨) -​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត ។

​គួរបញ្ជាក់​ជូន​ដែរ​ថា ដំណើរ​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា (២០១៨-២០២៣) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.