ចៅក្រមម្នាក់ដែលទើបផ្ទេរមុខតំណែងពីអនុប្រធានសាលាដំបូងខេត្តស្វាយរៀងមកជាអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងបានប្រមាណ០៦ខែ និងធ្លាប់ទទួលរងទណ្ឌកម្មវិន័យកាលពីអំឡុងឆ្នាំ២០០៥កន្លងទៅកាលនៅបំពេញការងារជាអតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ គឺលោក ហម ម៉េងសែ ទទួលបានការផ្ទេរមុខតំណែងពីអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១៧/៦០៨ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ខណៈមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាឈ្វេងយល់ឃើញថា «ជាករណីពិសេស» ។
លោក ហម ម៉េងសែ អាយុ៥៣ឆ្នាំ ចូលបម្រើការងាររដ្ឋនាឆ្នាំ១៩៨៣ និងត្រូវបានតែងតាំងក្នុងក្របខ័ណ្ឌអង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខជស/រកត/០១៩៨/០០៨ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩៨ ។ ក្រោមឥទ្ធិពលនៃប្រតិកម្មរបស់ក្រសួងមហាផ្ទៃនាដើមឆ្នាំ២០០៥កន្លងទៅ លោក ហម ម៉េងសែ អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ (អតីតតុលាការក្រុងភ្នំពេញ) ត្រូវបានឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស៊ើបអង្កេតស្រាវជ្រាវរកឃើញថា បានដោះលែងជនជាប់ចោទមិនប្រក្រតីចំនួន០៩នាក់ និងឃុំខ្លួនមនុស្សខុសច្បាប់កំណត់ចំនួន០៦នាក់ មានទាំងអនីតិជន ទាំងបទមជ្ឈិម ។ លទ្ធផលនៃការអង្កេតស្រាវជ្រាវរបស់ឯកឧត្តម ឌិត មុន្ទី ក៏បានធ្វើរបាយការណ៍គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីតសម្តេច ហ៊ុន សែន) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ តាមរបាយការណ៍ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០០៥ ។
បន្ទាប់មក លោកចៅក្រម ហម ម៉េងសែ ត្រូវបានទទួលរងការដាក់ទណ្ឌកម្មវិន័យក្រោមរូបភាពព្យួរពីការងារមិនឲ្យមានបៀវត្សរ៍ក្នុងរយៈពេលកំណត់១ឆ្នាំ និងផ្លាស់ដោយបង្ខំចេញពីសាលាដំបូងរាជធានីភ្នំពេញ (អតីតតុលាការក្រុងភ្នំពេញ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៥/៣៤៣ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០០៥ ។
រយៈពេលប្រមាណជិត២ឆ្នាំក្រោយមក លោកចៅក្រម ហម ម៉េងសែ ក៏ត្រូវបានអនុញ្ញាតឲ្យចូលបម្រើការងារវិញ និងចាត់ឲ្យទៅបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៧/០៧០ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៧ ។
ក្រោយមក លោកចៅក្រម ហម ម៉េងសែ ត្រូវបានផ្ទេរភារកិច្ចពីចៅក្រមសាលាដំបូងខេត្តកោះកុងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តស្វាយរៀង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៥ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ និងតមកទៀត លោកចៅក្រមរូបនេះទទួលបានការតែងតាំងជាអនុប្រធានសាលាដំបូងខេត្តស្វាយរៀង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។
ប្រមាណជិត២ឆ្នាំក្រោយមកទៀត លោកចៅក្រម ហម ម៉េងសែ ត្រូវបានផ្ទេរមុខតំណែងពីអនុប្រធានសាលាដំបូងខេត្តស្វាយរៀងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ឥឡូវនេះ ស្រាប់តែទើបផ្ទេរមុខតំណែងមកបម្រើការងារជាអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងប្រមាណ០៦ខែប៉ុណ្ណោះ លោក ហម ម៉េងសែ ឧត្តមចៅក្រមថ្នាក់លេខ៥ ក៏ទទួលបានការផ្ទេរមុខតំណែងពីអនុប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញតែម្តង ៕