ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

រឿង​ប្រមូល​ពន្ធ​ប្រថាប់ត្រា ! រាជរដ្ឋាភិបាល​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា

ក្នុងន័យ​អះអាងថា ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​ប្រថាប់ត្រា​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទាំង​២៤​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អស់​សក្តានុពល និង​ផ្តល់​សេវា​បង់ពន្ធ​នេះ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ដល់​ការចុះបញ្ជី​ដំបូង​នៅ​រដ្ឋបាល​សុរិយោដី រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​នូវ​គោលការណ៍​តាម​ស្មារតី​លិខិត​លេខ​១៣៤៤​សជណ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដូចខាងក្រោម ៖

១-​អចលនទ្រព្យ​ដែល​ពុំបាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណកម្មសិទ្ធិ​) ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​នៅ​ថ្នាក់ឃុំ សង្កាត់ ឬ​ក្រុង ស្រុក ខណ្ឌ ដែលមាន​សាវតារ​ផ្ទេរ​បន្ត​ដៃ​គ្នា​ច្រើនដង​មុន​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ អនុញ្ញាត​ឲ្យ​បង់ពន្ធ​ប្រថាប់ត្រា​តែមួយ​លើកចុងក្រោយ ដោយ​អនុគ្រោះ​ឲ្យ​ដកចេញ​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​៦០០​លាន​រៀល (​សមមូល​ប្រមាណ​១៥០ ០០០​ដុល្លារ​អាមេរិក​) សម្រាប់តែ​អចលនទ្រព្យ​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ដំបូង​នៅ​រដ្ឋបាល​សុរិយោដី​ប៉ុណ្ណោះ ។ ការផ្តល់​ការអនុគ្រោះ​ឲ្យ​ដកចេញ​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​៦០០​លាន​រៀល គឺមាន​សុពលភាព​អនុវត្ត​សម្រាប់តែ​អចលនទ្រព្យ​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ដំបូង​នៅ​រដ្ឋបាល​សុរិយោដី​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។

​ដោយឡែក សម្រាប់​អចលនទ្រព្យ​ដែល​ពុំបាន​ចុះបញ្ជី (​គ្មាន​ប័ណ្ណកម្មសិទ្ធិ​) ដែល​បាន​ផ្ទេរសិទ្ធិ​កាន់កាប់​បន្ត​ដៃ​គ្នា​ជាច្រើន​ដង​មុន​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៧ ត្រូវ​បង់ពន្ធ​ប្រថាប់ត្រា​មួយដង​លើកចុងក្រោយ (​ដោយ​មិន​អនុញ្ញាត​ឲ្យ​ដក​នូវ​មូលដ្ឋាន​គិត​ពន្ធ​៦០០​លាន​រៀល ដូច​អចលនទ្រព្យ​ដែល​បាន​ស្នើសុំ​ចុះបញ្ជី​ឡើយ​) ។

២-​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ (​ថ្នាក់ឃុំ សង្កាត់ ឬ​ក្រុង ស្រុក ខណ្ឌ​) ត្រូវ​បញ្ឈប់​ការផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​មិនបាន​បង់ពន្ធ​ប្រថាប់ត្រា​ស្របតាម​ស្មារតី​លិខិត​លេខ​១៣៤​សជណ ចុះ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​ចំពោះ​អចលនទ្រព្យ​ដែល​បាន​ទៅ​ចុះបញ្ជី​ដំបូង​ហើយ​ត្រូវ​បានទទួល​ការអនុគ្រោះ​ពន្ធ​តាម​ចំណុច​១​ខាងលើ ទោះបីជា​ប្រាក់​ពន្ធ​ស្មើ​សូន្យ​រៀល ក៏ត្រូវ​អនុវត្តតាម​នី​តិ​វិធី និង​បែបបទ​នៅ​រដ្ឋបាល​សារពើពន្ធ​ជា​ធរមាន​ដើម្បី​ចុះបញ្ជី និង​កត់ត្រា​ទិន្នន័យ​នូវ​អចលនទ្រព្យ​ទាំងនោះ ។ ការអនុគ្រោះ​នេះ​មិនមាន​អានុភាព​ប្រតិសកម្ម​ចំពោះ​ប្រាក់​ពន្ធ​ដែល​បាន​បង់​រួចហើយ​នោះទេ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.