ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

រឿង​រកស៊ី​បំបាក់មុខ​រដ្ឋ និង​រំលោភ​ទំនុកចិត្ត​អតិថិជន ! ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (TC) បម្រើសេវា Internet ជូន​អតិថិជន​របស់ខ្លួន​មហា​សែន​យ៉ាប់

​អតិថិជន​ម្នាក់​ដែល​ប្រើប្រាស់​សេវា Internet ADSL របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (Telecom Cambodia-TC) នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ត្អូញត្អែរ​ផង និង​ចោទប្រកាន់​ផង​ទៅលើ​ក្រុមហ៊ុន TC ថា បម្រើសេវា Internet ជូន​អតិថិជន​មហា​សែន​យ៉ាប់ និង​មិន​ទទួលខុសត្រូវ ពោលគឺ​រំលោភ​លើ​ទំនុកចិត្ត​អតិថិជន​តែម្តង ។​

​អតិថិជន​រូបនោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​បាន​ប្រើប្រាស់​សេវា Internet ADSL របស់​ក្រុមហ៊ុន TC អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ ។ ក្នុងការ​ប្រើប្រាស់​សេវា Internet នេះ គឺ​គាត់​មិនដែល​ខកខាន​បង់ប្រាក់​តាម​វិក្កយបត្រ​ជូន​ក្រុមហ៊ុន TC នោះទេ ។ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ សេវា Internet នៅផ្ទះ​របស់គាត់​ត្រូវបាន​ដាច់​មិន​ដំណើរការ រួច​គាត់​ក៏បាន​ទំនាក់ទំនង​ច្រើនលើកច្រើនសា​ទៅកាន់​ផ្នែក​បម្រើសេវា​អតិថិជន ប៉ុន្តែ​លទ្ធផល​ទទួលបាន​ត្រឹម​រុញ​ដាក់គ្នា​ចុះឡើងៗ​ប៉ុណ្ណោះ ខណៈ​អស់​រយៈពេល​០៣​ថ្ងៃ​មិនឃើញ​មាន​បុគ្គលិក​ក្រុមហ៊ុន TC ណា​ម្នា​ក់មក​ត្រួតពិនិត្យ​បញ្ហា​បណ្តាញ​អ្វី​ឡើយ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា Internet របស់​ក្រុមហ៊ុន TC បាន​លើកឡើងថា សេវា​មហា​សែន​យ៉ាប់​របស់​ក្រុមហ៊ុន TC បែបនេះ​មិន​ត្រឹម​រំលោភ​លើ​ទំនុកចិត្ត​អតិថិជន​នោះទេ គឺ​បំបាក់​មុខមាត់​រដ្ឋ​ថែមទៀត ពីព្រោះ​ក្រុមហ៊ុន TC គឺជា​សហគ្រាស​សាធារណៈ​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​រដ្ឋ ឋិត​ក្រោម​អាណាព្យាបាល​បច្ចេកទេសរ​បស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) និង​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ។

​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា (Telecom Cambodia-TC) ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​០១​អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០០៥ ដែលជា​នីតិបុគ្គល​មាន​ស្វ័យភាព​បច្ចេកទេស រដ្ឋបាល និង​ហិរញ្ញវត្ថុ ។

​សូម​ឯកឧត្តម សន វី ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា (TC) មេត្តា​ត្រួត​ពិនិត្យមើល និង​មាន​វិធានការ​ទៅលើ​ផ្នែក​បម្រើសេវា Internet របស់​អតិថិជន​នៃ​ក្រុមហ៊ុន TC ដែល​បង្ក​ការក្តៅក្រហាយ​ដល់​អតិថិជន​នោះ​ផង កុំ​ឲ្យ​មាន​ពាក្យ​ដៀល​ថា ក្រុមហ៊ុន​រដ្ឋ​មានមារយាទ​អន់​គិតតែ​ពី​បំផ្លាញ​រដ្ឋ​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន និង​បក្ខពួក ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.