ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

រឿង​ឡាវ​ឈ្លានពាន​ដី​ធ្វើ​ឲ្យ​ខ្មែរ​ភ័យ​ឡើង​វង្វេង​ស្រុក ! ក្រសួងការបរទេស​ក​ម្ពុ​ជា​វង្វេង​ឈ្មោះ​ស្រុក​ដែលជា​ទីតាំង​អះអាងថា ទាហាន​ឡាវ​ចូល​ឈ្លានពាន​ដី​ខ្មែរ

​ថ្វី​ដ្បិត​ស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំងយោធា​ឡាវ និង​យោធា​កម្ពុជា​ក្នុ​ងសំណុំរឿង «​ឡាវ​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​» នៅ​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​សឹង​មិនគួរ​ឲ្យ​ជឿ​បានបញ្ចប់​ដោយសារ​ភាគី​ប្រទេស​ឡាវ​សម្រេច​ដកទ័ព​ចេញ​វិញ​ក្រោយ​ជំនួប​ចរចា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Thongloun Sisoulith នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​កន្លងទៅ​ថ្មីៗ​ក៏ពិតមែន ប៉ុន្តែ​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពោរពេញ​ទៅដោយ​ការហួសចិត្ត​នៅក្នុង​ករណីនេះ​នៅមុន​កិច្ចចរចា​កើតឡើង គឺ​បានធ្វើ​ឲ្យ​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា «​ភ័យខ្លាច ?» រហូត​ធ្វើ​ឲ្យ​វង្វេង​ឈ្មោះ​ស្រុក​ដែលជា​ទីតាំង​ទាហាន​ឡាវ​ឈ្លានពាន​តែម្តង ។

​ជាក់ស្តែង កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​មាន​ខ្លឹមសារ​ថា «​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ ដើម្បី​ជួបចរចា​ក្នុង​លក្ខណៈ​ជា​អ្នកជិតខាង​ជាមួយ​ឯកឧត្តម ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ដក​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់ខ្លួន​ចេញពី​តំបន់​ក្បែរ​អូ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀង​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​នឹង​ខេត្ត​អា​តា​ពើ ប្រទេស​ឡាវ ។​…» ។​

​តាម​ការពិត ខេត្តស្ទឹងត្រែង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្មាន​ស្រុក​ឈ្មោះ «​សៀង​ប៉ាង​» ទេ គឺ​មានតែ​ចំនួន​៤​ស្រុក និង​ក្រុង​១​ប៉ុណ្ណោះ ជាអាទិ៍ ៖ ក្រុង​ស្ទឹងត្រែង , ស្រុក​សៀម​ប៉ាង , ស្រុក​សៀម​បូក , ស្រុក​សេសា​ន និង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.