ក្រោយសមត្ថកិច្ចនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ពាក់ព័ន្ធនឹងអង្គហេតុ Post សារជាសាធារណៈតាម Facebook ប្រើប្រាស់ Page ឈ្មោះ «Sourn Serey Ratha» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ក្នុងសំណុំរឿង «ឡាវរំលោភឈ្លានពានព្រំដែនកម្ពុជា» រួចមក លោក សួន សេរីរដ្ឋា សញ្ជាតិខ្មែរ-អាមេរិក ជាប្រធានគណបក្សអំណាចខ្មែរត្រូវស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បើកការស៊ើបសួរនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ចំនួន៣បទល្មើសដែលជាបទមជ្ឈិមជាក់ស្តែង គឺ ៖ ១-បទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១នៃក្រមព្រហ្មទណ្ឌ , ២-បទធ្វើឲ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង ៣-បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។
លើសពីនេះ ជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជូនខ្លួនភ្លាមទៅកាន់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារដើម្បីត្រៀមបើកសវនាការជំនុំជម្រះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ខាងមុខ ខណៈមជ្ឈដ្ឋានរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខ បាន និងកំពុងធ្វើការថ្កោលទោសទៅលើជនជាប់ចោទយ៉ាងគគ្រឹកគគ្រេងតៗគ្នាឥតដាច់សូរ ។
អនុលោមតាមការចោទប្រកាន់បើកការស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា អាចនឹងត្រូវទទួលរងការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
មេបក្សអំណាចខ្មែរ គឺលោក សួន សេរីរដ្ឋា អាយុ៤៥ឆ្នាំ ធ្លាប់ត្រូវបានស្ថាប័នតុលាការកម្ពុជាវិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពីបទញុះញង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងរួមគំនិតក្បត់ជាតិ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ៣១ «ក្រII.ប» ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥របស់សាលាឧទ្ធរណ៍ ។ ទោះបីលោក សួន សេរីរដ្ឋា ជាប់ឈ្មោះជាទណ្ឌិត តែត្រូវបានក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យមានការចុះបញ្ជីគណបក្សអំណាចខ្មែរមានរូបលោកជាប្រធានជាផ្លូវការនាខែមីនា ឆ្នាំ២០១៥ ព្រមទាំងទទួលបានការលើកលែងទោសពីអង្គព្រះមហាក្សត្រតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧០៨ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ។
ដំណើរការលើកលែងទោសដល់ទណ្ឌិតឈ្មោះ សួន សេរីរដ្ឋា តាមសំណើរបស់បុរសខ្លាំងដែលអាចបើកផ្លូវឲ្យអ្នកនយោបាយជើងថ្មីរូបនេះមានឱកាសវិលត្រឡប់មកដឹកនាំគណបក្សអំណាចខ្មែរនៅលើទឹកដីកម្ពុជា គឺបាននាំឲ្យមជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាឈ្វេងយល់ឃើញថា រវាងលោក សួន សេរីរដ្ឋា និងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចប្រាកដជាមានទំនាក់ទំនងពិសេសជាមួយគ្នាយ៉ាងជិតស្និទ្ធ ។
កាលពីឆ្នាំ២០១០កន្លងទៅ លោក សួន សេរីរដ្ឋា អតីតប្រធាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌ និងសមធម៌ ត្រូវបានខុទ្ទកាល័យបុរសខ្លាំងប្រកាសឲ្យដឹងថា បុរសខ្លាំងពេញចិត្ត និងស្វាគមន៍តែងតាំងជាទីប្រឹក្សាផ្ទាល់បុរសខ្លាំង មានឋានៈស្មើរដ្ឋមន្ត្រី និងជាសមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលត្រូវតែងតាំងដោយរាជរដ្ឋាភិបាល ។ លើសពីនេះ ខុទ្ទកាល័យបុរសខ្លាំងក៏បានប្រកាសឲ្យដឹងដែរថា នឹងធានាទទួលបន្ទុកផ្គត់ផ្គងលើការស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងការចំណាយផ្សេងៗតាមសេចក្តីត្រូវការរបស់លោក សួន សេរីរដ្ឋា ទៀតផង ៕