ថ្ងៃ សុក្រ ទី ០៧ ខែ តុលា ឆ្នាំ ២០២២

វាសនា​ មេបក្ស​អំណាច​ខ្មែរ​​ ស្ថិត​លើ​បាតដៃ​បុរស​ខ្លាំង ! ធ្លាប់​លើកលែងទោស ​តាម​សំណើ​បុរស​ខ្លាំង និង​រង​ការចាប់​-​ឃុំខ្លួន​ លើទឹក​ដី​បុរស​ខ្លាំង

​លោក សួន សេរី​រដ្ឋា សញ្ជាតិ​ខ្មែរ​-​អាមេរិក ដែល​គេ​ស្គាល់​ថា ជា​អ្នកនយោបាយ​ជើង​ថ្មី​ សម្តី​ថ្លោស​ ក្នុងនាម​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ព្រមទាំង​ធ្លាប់​ទទួលបាន​ការលើក​លែង​ទោស ​ពី​អង្គ​ព្រះមហាក្សត្រ ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ (​ សំណើ ​) របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុ​ជា នា​អំឡុង​ខែកក្កដា ឆ្នាំ​២០១៥​កន្លង​ទៅនោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន «​ វាយ​ខ្នោះដៃ ​» ភ្លាមៗ ​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ បន្ទាប់ពី​មេបក្ស​រូបនេះ​ សរសេរ​អត្ថបទ Post តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook នា​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​ រិះគន់​ទៅលើ​មេទ័ព​របស់​បុរស​ខ្លាំង​ ប្រដូច​ទៅនឹង​ចោរ និង​វាយប្រហារ​ទៅលើ​បុរស​ខ្លាំង​ថា «​ ដាក់​ឱសានវាទ​ដល់​សត្រូវ​… តែ​ឱនក្បាល​ចូល​បន្ទាយ​សត្រូវ​ ដើម្បី​សុំ​ចរចា ! » ក្នុង​សំណុំរឿង «​ ឡាវ​រំលោភ​ឈ្លានពាន​ព្រំដែន​កម្ពុជា​ » ។

​មេបក្ស​អំណាច​ខ្មែរ គឺ​លោក សួន សេរី​រដ្ឋា អាយុ​៤៥​ឆ្នាំ ធ្លាប់​ត្រូវបាន​ស្ថាប័ន​តុលាការ​កម្ពុជា ​វិនិច្ឆ័យ​សេចក្តី​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ កំណត់​ ៧​ឆ្នាំ ពីបទ​ញុះញង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា និង​រួមគំនិត​ក្បត់ជាតិ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ ​៣១ «​ ក្រ​II.​ប​ » ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ ​របស់​សាលាឧទ្ធរណ៍ ។ ទោះបី​លោក សួន សេរី​រដ្ឋា ជាប់​ឈ្មោះ​ជា​ទណ្ឌិត តែ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ សម្រេច​អនុញ្ញាត​ឲ្យ​មានការ​ចុះបញ្ជី​គណបក្ស​អំណាច​ខ្មែរ​ មាន​រូបលោក​ជា​ប្រធាន​ ជា​ផ្លូវការ ​នា​ខែមីនា ឆ្នាំ​២០១៥ ព្រមទាំង​ទទួលបាន​ការលើកលែង​ទោស ​ពី​អង្គ​ព្រះមហាក្សត្រ​ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​បុរស​ខ្លាំង ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៧១៥/៧០៨ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៥ ។​

​ដំណើរការ​លើកលែងទោស​ដល់​ទណ្ឌិត​ឈ្មោះ សួន សេរី​រដ្ឋា តាម​សំណើ​របស់​បុរស​ខ្លាំង​ ដែល​អាច​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជើង​ថ្មី​រូបនេះ​ មានឱកាស​វិលត្រឡប់​មក​ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​ នៅលើ​ទឹកដី​កម្ពុជា គឺ​បាន​នាំ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ ឈ្វេងយល់​ឃើញថា រវាង​លោក សួន សេរី​រដ្ឋា និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជា​គណបក្សនយោបាយ​ កាន់កាប់​អំណាច​ ប្រាកដ​ជាមាន​ទំនាក់ទំនង​ពិសេស​ ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ។​

​កាលពី​ឆ្នាំ​២០១០​កន្លងទៅ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​ នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ ដើម្បី​យុត្តិធម៌ និង​សមធម៌ ត្រូវបាន​ខុទ្ទកាល័យ​បុរស​ខ្លាំង ​ប្រកាស​ឲ្យ​ដឹងថា បុរស​ខ្លាំង​ពេញចិត្ត និង​ស្វាគមន៍​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​ជា​សមាជិក​ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​ត្រូវ​តែងតាំង​ ដោយ​រាជរដ្ឋាភិបាល ។ លើសពីនេះ ខុទ្ទកាល័យ​បុរស​ខ្លាំង ​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា នឹង​ធានា​ទទួលបន្ទុក​ផ្គត់​ផ្គង​លើ​ការ​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ និង​ការចំណាយ​ផ្សេងៗ​ តាម​សេចក្តីត្រូវការ​របស់លោក សួន សេរី​រដ្ឋា ទៀតផង ។​

​សរុបសេចក្តី​មក វាសនា​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ គឺ​ស្ថិត​នៅលើ​បាតដៃ​ របស់​បុរស​ខ្លាំង ទាំង​ប្រឈម​នឹង​ការជាប់គុក ទាំង​ធ្លាប់​ទទួលបាន​ការលើក​លែង​ទោស​ មក​ធ្វើ​នយោបាយ​ យ៉ាង​ហ៊ី​ហា ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.