កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលមានលោក សៀង សុខ ជាព្រះរាជអាជ្ញារង បានចេញដីកាលេខ២០៦អយឋ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ បង្គាប់បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ (CNRP) រាជធានីភ្នំពេញចូលមកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ។
តាមសំណើរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្លាប់បានចេញដីកាលេខ១៥៧អយឋ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ រួចម្តងមកហើយ ដោយបង្គាប់បញ្ជាឲ្យលោក ម៉ន ផល្លា ចូលទៅបង្ហាញខ្លួននៅធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ រៀងរាល់ម៉ោងធ្វើការ ប៉ុន្តែលោក ម៉ន ផល្លា មិនបានចូលទៅបង្ហាញខ្លួនឡើយ ទើបអធិការដ្ឋាននគរបាលខណ្ឌមានជ័យស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនសាជាថ្មីទៀតនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ អាចនឹងគេចមិនផុតពីការចាប់ឃាត់ខ្លួនដោយកងកម្លាំងសមត្ថកិច្ចតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាការពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់នេះ ប្រសិនបើលោក ម៉ន ផល្លា បង្ហាញវត្តមាននៅប្រទេសកម្ពុជា ៕