ក្រោមសម្ពាធនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានជំរុញឲ្យប្រទេសមហាអំណាចរុស្ស៊ីសម្រេចយកយន្តហោះចម្បាំងរបស់ខ្លួនដើម្បីដោះដូរទំនេញជាមួយប្រទេសឥណ្ឌូនេស៊ីសម្រាប់ប្រើប្រាស់ចាំបាច់ រួមមាន ៖ កាហ្វេ និងតែ ជាដើម…។ល។ ខណៈទីក្រុង Jakarta បានចាត់ទុកការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមកលើរុស្ស៊ី គឺជាឱកាសជំរុញឲ្យវិស័យឧស្សាហកម្ម-ពាណិជ្ជកម្មរបស់ខ្លួនកាន់តែមានដំណើរការខ្លាំងក្លា ។
គេហទំព័រសារព័ត៌មាន RT របស់រុស្ស៊ី បានផ្សព្វផ្សាយដោយដកស្រង់សម្តីលោក Enggartiasto Lukita រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា «ការដោះដូរទំនេញរវាងរុស្ស៊ី និងឥណ្ឌូនេស៊ីនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខ ដោយឥណ្ឌូនេស៊ីនាំចេញកាហ្វេ និងតែ ដើម្បីដូរយកយន្តហោះចម្បាំងរុស្ស៊ីធុន Su-35 ចំនួន១១គ្រឿង» ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Rostec របស់រុស្ស៊ី បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Perusahaan Perdagangan របស់ឥណ្ឌូនេស៊ីរួចហើយនៅលើកំណត់ហេតុនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មដោះដូរ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងពង្រីកប្រភពផ្គត់ផ្គង់ទំនិញពីឥណ្ឌូនេស៊ីទៅកាន់ទីផ្សារប្រទេសរុស្ស៊ី ។
ពាក់ព័ន្ធនឹងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបលើការហាមទិញសព្វាវុធក្រោមការចោទប្រកាន់ថា បានរំលោភបំពានសិទ្ធិមនុស្សនៅទីម័រខាងកើតនាអំឡុងឆ្នាំ១៩៩៩នោះ គឺក្រសួងការពារជាតិឥណ្ឌូនេស៊ីធ្លាប់មានយន្តហោះចម្បាំងប្រភេទ Sukhoi ផលិតនៅប្រទេសរុស្ស៊ីចំនួន១៦គ្រឿង នាឆ្នាំ២០០៣ ។
យន្តហោះចម្បាំងធុន Su-35 របស់រុស្ស៊ីដែលអង្គការ NATO ហៅថា Flanker-E ជាប្រភេទយន្តហោះចម្បាំងពហុមុខងារ (ទាំងការបាញ់អាវុធមីស៊ីល ទាំងការទម្លាក់គ្រាប់បែក…) អាចហោះហើរបានក្នុងល្បឿនជាង២ពាន់គីឡូម៉ែត្រក្នុង១ម៉ោង និងមានតម្លៃចាប់ពី៤០លានដុល្លារទៅ៦៥លានដុល្លារអាមេរិកក្នុង១គ្រឿង ៕