ទាក់ទងនឹងពាក្យបណ្តឹងរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (ទរពអ) ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោកបណ្ឌិត សេង យៀន អតីតអគ្គនាយករងនៃអគ្គនាយកដ្ឋានអធិការកិច្ចនៃក្រសួងទរពអ និងបក្ខពួក ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតចោទប្រកាន់ពីបទស៊ីសំណូក និងអំពើសូកប៉ាន់ទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកជាថ្នូរនឹងការអង្កេតស្រាវជ្រាវដោះស្រាយទំនាស់ដីធ្លីមួយកន្លែងទំហំជាង៥ហិកតា ឋិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ ដើម្បីចេញជាលិខិតសេចក្តីជូនដំណឹងលេខ៣៨៩សជណ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនោះ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សេង យៀន ដាក់ពន្ធនាគារកំណត់៤ឆ្នាំ០៦ខែ និងពិន័យជាប្រាក់ចំនួន៤ម៉ឺនដុល្លារអាមេរិកពីបទស៊ីសំណូក និងផ្តន្ទាទោសលើជនជាប់ចោទជាស្ត្រីម្នាក់ទៀត ឈ្មោះ ឌី ប្រឹម ដាក់ពន្ធនាគារកំណត់២ឆ្នាំ០៦ខែពីបទសូកប៉ាន់ តាមសាលក្រមព្រហ្មទណ្ឌលេខ១៣៥ «កប៤» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ។
បញ្ញត្តិមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «ប្រសិនបើតុលាការប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំយ៉ាងតិចដោយគ្មានការព្យួរទេ តុលាការតាមសេចក្តីសម្រេចពិសេស និងដោយមានសំអាងហេតុ អាចចេញនៅក្នុងពេលសវនាការ ៖ -ដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទដែលមានវត្តមាន , -ដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទអវត្តមាន ។ ដីកាបង្គាប់ឲ្យឃុំខ្លួន និងដីកាបង្គាប់ឲ្យចាប់ខ្លួនមានអានុភាពអនុវត្តភ្លាមៗ ។…» ។
ជាក់ស្តែង ទោះបីជនជាប់ចោទឈ្មោះ សេង យៀន និងជនជាប់ចោទឈ្មោះ ឌី ប្រឹម ត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់លើសពី២ឆ្នាំដោយគ្មានការព្យួរទោសក្នុងសំណុំរឿងពុករលួយស៊ីសំណូក-សូកប៉ាន់ ដ៏កក្រើកនេះយ៉ាងណាក៏ដោយ ក៏ជនជាប់ចោទទាំង២នាក់ដែលអវត្តមានក្នុងពេលសវនាការមិនត្រូវបានតុលាការប្រើប្រាស់ឆន្ទានុសិទ្ធិចេញដីកាបង្គាប់ឲ្យចាប់ខ្លួនដើម្បីយកមកឃុំខ្លួនដាក់ពន្ធនាគារឡើយ ពោលគឺមានសេរីភាពនៅក្រៅសំណាញ់ច្បាប់ទល់សព្វថ្ងៃ ។
លើសពីនេះ សូម្បីសំណុំរឿងព្រហ្មទណ្ឌលេខ៦២ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២របស់សាលាឧទ្ធរណ៍ដែលកើតចេញពីការប្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ និងភាគីដើមបណ្តឹងអន្តរាគមន៍ក្នុងរឿងក្តីមានរយៈពេលជាង៥ឆ្នាំហើយ ក៏សាលាឧទ្ធរណ៍មិនទាន់បានលើកយកមកបើកសវនាការជំនុំជម្រះតាមនីតិវិធីនៅឡើយ ។
នេះគឺជាព័ស្តុតាងមួយបង្ហាញឲ្យឃើញថា ក្រោមដំបូលច្បាប់តែមួយ ប៉ុន្តែវាសនាជនជាប់ចោទមិនដូចគ្នាទេ ខណៈមានឧកញ៉ាជាច្រើននាក់ហើយដែលជាប់ពន្ធនាគារ ជាអាទិ៍ ៖ ឧកញ៉ា ឈឿន ចាន់ថន ហៅម៉ៅ អតីតទីប្រឹក្សាផ្ទាល់សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងអតីតជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ឧកញ៉ា ថោង សារ៉ាត់ ហៅ ប៊ិន ទឹង អតីតទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងអតីតជានាយទាហានថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ឧកញ៉ា តាន់ សេងហាក់ , ឧកញ៉ា សុខ ហេង… ។ល។ ទោះបីមានបទល្មើសខុសគ្នា ឬប្រហាក់ប្រហែលគ្នាក៏ដោយ ។
លោកស្រី ឌី ប្រឹម អាយុ៥៥ឆ្នាំ ជាអ្នកជំនួញ និងជាអ្នករត់ការរឿងក្តីដ៏សកម្មម្នាក់ ត្រូវជាប្អូនស្រីជីដូនមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៧៥៧ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ ខណៈលោកស្រីរូបនេះកំពុងមានឈ្មោះជាជនជាប់ចោទ និងក្លាយជាពិរុទ្ធជននៅស្ថាប័នតុលាការដ៏ក្តៅគគុក ៕