ទីបំផុតនៅវេលាល្ងាចនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ អតីតប្រមុខរដ្ឋស្តីទី អតីតអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អតីតឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា អតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ អតីតទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សខ្មែររួបរួមជាតិ ជាគណបក្សនយោបាយចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចោទប្រកាន់ថា «ក្បត់» និងគណបក្សប្រជាជនកម្ពុជាទៅសមគំនិតជាមួយគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយប្រឆាំង និងជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការនោះ ត្រូវបានលោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារហើយ ក្រោមការចោទប្រកាន់ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ នៅចំណុចភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា ដើមហេតុដែលនាំឲ្យលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ០០០០០៩ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀននេះ បន្ទាប់ពីរូបលោកត្រូវបានដកហូតមុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី យ៉ាងតក់ក្រហល់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៤៥២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមឥទ្ធិពលព្យុះកំហឹងរបស់បុរសខ្លាំងនោះ គឺដោយសារការឆ្លើយដាក់ពីសំណាក់ឈ្មោះ ជា ជុង អតីតទីប្រឹក្សាផ្ទាល់លោក ញឹក ប៊ុនឆៃ តាមលិខិតចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ព្រមទាំងនាពេលសមត្ថកិច្ចចុះឆែកឆេរកសិដ្ឋានចិញ្ចឹមគោជាទីតាំងផលិតគ្រឿងញៀន ឋិតក្រោមការគ្រប់គ្រងផ្ទាល់របស់ឈ្មោះ ជា ជុង បានរកឃើញរថយន្តមួយគ្រឿងម៉ាក Toyota Camry ស៊េរីឆ្នាំ2003 ពាក់ស្លាកលេខរដ្ឋ25.2-0773 ជារថយន្តសម្រាប់បើកនាំផ្លូវក្បួនរបស់រថយន្តលោក ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រីចតនៅកន្លែងផលិតគ្រឿងញៀននោះ ។
លោក ជា ជុង ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការវិនិយោគ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៤/០៦៦ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៤ ។
ក្រោយពេលបែកធ្លាយសំណុំរឿងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺនោះ លោក ជា ជុង ក៏ត្រូវបានដកហូតមុខតំណែងពីទីប្រឹក្សាផ្ទាល់ឯកឧត្តម ញឹក ប៊ុនឆៃ វិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៧/១៤២ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៧ និងបច្ចុប្បន្នឈ្មោះ ជា ជុង កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារអនុវត្តទោសកំណត់រយៈពេល២៥ឆ្នាំ ៕