នាយឧត្តមសេនីយ៍ផ្កាយមាស៤នៃកងយោធពលខេមរភូមិន្ទ ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ត្រូវបានកងកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួននាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ តាមដីការបស់តុលាការពាក់ព័ន្ធនឹងសំណុំរឿងផលិតគ្រឿងញៀនកាលពីអំឡុងឆ្នាំ២០០៧កន្លងទៅ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈការចាប់ឃាត់ខ្លួនបានកើតឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ផ្កាយមាស៤រូបនេះ រងការបញ្ចប់មុខតំណែងពីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រីយ៉ាងតក់ក្រហល់ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៤៥២ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមហេតុផលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាចោទប្រកាន់ថា «ក្បត់» គណបក្សប្រជាជនកម្ពុជាដែលជាសម្ព័ន្ធមិត្តទៅលួចសមគំនិតជាមួយគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំង ។
បច្ចុប្បន្ន លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ កំពុងត្រូវបានសាកសួរយកចម្លើយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីនៃច្បាប់នៅឡើយ ។
ក្រោយការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២នាឆ្នាំ១៩៩៣មក លោក ញឹក ប៊ុនឆៃ ប្រភពមកពីមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) និងជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០០០៩ម្នាក់ផង ធ្លាប់ទទួលបានការតែងតាំងមុខតំណែងជាច្រើនជាបន្តបន្ទាប់ទាំងក្នុងស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភា) រួមមានជាអាទិ៍ ៖ នាយរងទី១អគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ ឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា… ។
ក្នុងក្របខ័ណ្ឌជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០០០៩ លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៤/១១៦ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៤ ។ លើសពីនេះ ក្នុងឋានៈជាអនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ធ្លាប់បានចុះហត្ថលេខាក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់អង្គព្រះមហាក្សត្រនៅលើព្រះរាជក្រមលេខនស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ខណៈដំណើរការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៣នៃរដ្ឋសភា (២០០៣-២០០៨) កំពុងជាប់គាំង ។
ព្រះរាជក្រមលេខនស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ក្នុងនាមជាប្រមុខរដ្ឋស្តីទីនេះហើយ ទើបនាំឲ្យរាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៣នៃរដ្ឋសភាកើតចេញជារូបរាង ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីតសម្តេច ហ៊ុន សែន) ជានាយករដ្ឋមន្ត្រី និងឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ក៏ទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤) ។
ក្នុងការកាន់កាប់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ មានទីប្រឹក្សាផ្ទាល់ម្នាក់ទទួលបន្ទុកកិច្ចការវិនិយោគ គឺឯកឧត្តម ជា ជុង (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៤/០៦៦ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៤) ។
នាអំឡុងឆ្នាំ២០០៧ នៅត្រង់ទីតាំងចំណុចគីឡូម៉ែត្រលេខ៨១-៨២ ឋិតក្នុងភូមិ១ ឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចរកឃើញមានសកម្មភាពពាក់ព័ន្ធនឹងរឿងអាស្រូវផលិតគ្រឿងញៀន ហើយត្រូវបានបង្ក្រាបដោយគេស្គាល់ថា ជាទីតាំងកម្មសិទ្ធិរបស់ឯកឧត្តម ជា ជុង ទីប្រឹក្សាផ្ទាល់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ។ ក្នុងដំណើរការបង្ក្រាបបទល្មើសគ្រឿងញៀននោះ សមត្ថកិច្ចរឹបអូសបានវត្ថុធាតុដើមផលិតគ្រឿងញៀនជាច្រើន ព្រមទាំងបានឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខរដ្ឋ និងបំពាក់ស៊ីរ៉ែន ជារថយន្តបើកនាំមុខក្បួនរថយន្តរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ចតនៅទីនោះទៀតផង ។ មិនតែប៉ុណ្ណោះ សាក្សីបានបំភ្លឺបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ តែងបានចេញចូលទីនោះជាញឹកញាប់ ។
ក្រោយរឿងអាស្រូវគ្រឿងញៀននេះផ្ទុះឡើង ឯកឧត្តម ជា ជុង ក៏ត្រូវបានដកហូតមុខតំណែងពីទីប្រឹក្សាផ្ទាល់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ វិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៧/១៤២ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៧ និងបច្ចុប្បន្ន ឈ្មោះ ជា ជុង កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារ ។
ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៤នៃរដ្ឋសភា (២០០៨-២០១៣) ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកដឹកនាំគណៈកម្មការត្រួតពិនិត្យដោះស្រាយបាតុភាព និងអភិវឌ្ឍន៍នៅតាមព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង (ចំណុះឲ្យគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការព្រំដែន) ជួយនាយករដ្ឋមន្ត្រីក្នុងការតាមដាន សម្របសម្រួលការងាររបស់ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ។
លុះក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា (២០១៣-២០១៨) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ត្រឹមទទួលបានការតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៥២ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ។
មជ្ឈដ្ឋានអ្នកវិភាគ និងអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ដំណើរការដកហូតមុខតំណែងឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ ពីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងឈានទៅចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវគ្រឿងញៀននេះ គឺកើតចេញពីកំហឹងខឹងសម្បារបស់បុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ដោយចោទប្រកាន់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ញឹក ប៊ុនឆៃ «ក្បត់»គណបក្សប្រជាជនកម្ពុជាដែលជាសម្ព័ន្ធមិត្ត ខណៈរឿងអាស្រូវគ្រឿងញៀនបានកើតឡើងតាំងពី១០ឆ្នាំមុន បែរជាទើបនឹកឃើញមកចាត់ការនាពេលនេះ ។ ម្យ៉ាងទៀត នាយឧត្តមសេនីយ៍ផ្កាយមាស៤នៃកងយោធពលខេមរភូមិន្ទម្នាក់ អតីតជាប្រមុខរដ្ឋស្តីទីដែលធ្លាប់ចុះហត្ថលេខាលើព្រះរាជក្រមលេខនស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ បង្កឱកាសឲ្យបុរសខ្លាំងបានធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៣ អតីតជាឧបនាយករដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងអតីតជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ទទួលរងការចាប់ខ្លួនក្នុងសំណុំរឿងអាស្រូវគ្រឿងញៀនដូច្នេះ គឺបង្ហាញអំពីភាពអាម៉ាស់សម្រាប់ជាតិ និងរាជរដ្ឋាភិបាលកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ៕