ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ត្រូវ​កំណត់​យក​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨

យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​កំណត់​យក​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដោយ​សេចក្តីសម្រេច​លេខ​៥៩​សសរ ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ។​

​មុនពេល​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​មកដល់​នោះ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានកំណត់​ប្រតិ​ទិននៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​រួចហើយ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ រហូតដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​គួរ​រំលឹក​ជូន​ថា កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​កន្លងទៅ គឺ​ប្រព្រឹត្ត​នា​ថ្ងៃអាទិត្យ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ដោយមាន​គណបក្សនយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ចំនួន​១២៣​អាសនៈ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​មានតែ​គណបក្សនយោបាយ​ធំៗ​ចំនួន​២​ប៉ុណ្ណោះ​ដែល​ទទួលបាន​អាសនៈ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចំនួន​៦៨ អាសនៈ (​សំឡេងឆ្នោត​គាំទ្រ​បានការ​ចំនួន​៣ ២៣៥ ៩៦៩​សំឡេង​) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​៥៥​អាសនៈ (​សំឡេងឆ្នោត​គាំទ្រ​បានការ​ចំនួន​២ ៩៤៦ ១៧៦​សំឡេង​) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.