ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

ឡើង​កូដ​ខ្លាំង​មែន ! បណ្ឌិតសភា​ចា​រ្យ សុខ ទូច ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា

​តាម​សំណើ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​ក្នុង​ព្រះបរមនាម និង​តាម​ព្រះ​រាជ្យ​ត្រាស់បង្គាប់​អង្គ​ព្រះមហាក្សត្រ បាន​ចុះហត្ថលេខា​នៅលើ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨៣ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ តែងតាំង និង​ផ្តល់​ឋានៈ​ឯក​ត្ត​ម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ដែលជា​មុខតំណែង​ជំនួស​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ខ្លូត ធីតា ។​

​ការតែងតាំង និង​ផ្តល់​ឋានៈ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នេះ គឺ​បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត សុខ ទូច ទទួលបាន​ការតែងតាំង​ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មាន​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ និង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៦/០៩០ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ពោល​គឺមាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​០៦​ខែ​ប៉ុណ្ណោះ ។​

​មុខតំណែង និង​ឋានៈ​ដ៏​ឧត្តុង្គឧត្តម​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​ទទួលបាន​រហូត​មកដល់​សព្វថ្ងៃនេះ គឺ​ដោយសារ​គុណសម្បត្តិ​របស់​ឯកឧត្តម​បណ្ឌិត​លើ​ការគាំទ្រ​ដង្ហែ​យ៉ាង​ប្តូរផ្តាច់​ចំពោះ​ផែនទី UTM ខ្នាត​១/៥០ ០០០ បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​សម្រាប់​ធ្វើជា​មូលដ្ឋាន​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ព្រមទាំង​ប្រើ​គ្រប់​រូបភាព «​វាយបក​» ទៅលើ​ក្រុម​សកម្មជន​ព្រំដែន និង​មន្ត្រី​គណបក្សនយោបាយ​ប្រឆាំង ដូច​មាន​បញ្ជាក់​នៅក្នុង​ខ្លឹមសារ​លិខិត​ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ រួមទាំង​ចំណារ​ចុះ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥​របស់​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​កន្លងមក ខណៈ​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​បាន​វាយតម្លៃថា ការប្រើប្រាស់​ផែនទី UTM ខ្នាត​១/៥០ ០០០ គឺ​មិន​ស្របទៅនឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តម្រូវ​ឲ្យ​ប្រើប្រាស់​ផែនទី​ខ្នាត​១/១០០ ០០០ នោះឡើយ ។​

​ដោយឡែក លោកជំទាវ​បណ្ឌិត្យ​សភាចា​រ្យ ខ្លូត ធីតា អតីត​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​បណ្ឌិត​សភាចា​រ្យ​ស្ថាបនិក​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨៤ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.