ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​ម្នាក់ទៀត​ត្រូវបាន​ព្រះមហាក្សត្រ​ដែល​កំពុង​គ​ង់​នៅ​ប្រទេស​ចិន ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​ពិជ័យ​សេនា​»

ថ្នាក់ដឹកនាំ​ប្រភព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ម្នាក់​ទៀតហើយ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​ពិជ័យ​សេនា​» គឺ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​ប្រោស​ព្រះរាជទាន​គោរមងារ​ជា «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨១ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ។​

​សមាជិក​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជាម​ន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២​នាក់​ហើយ​ដែល​ទទួលបាន​គោរមងារ​ជា «​សម្តេច​» គឺ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​គោរមងារ​ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/២៦៧ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ (​សម្តេច​វិបុល​បញ្ញា សុខ អាន ទទួលមរណភាព​នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ គឺ​បន្ទាប់ពី​ទទួលបាន​គោរមងារ​ជាស​ម្តេច​រយៈពេល​០២​ថ្ងៃ​) និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ អាយុ​៧២​ឆ្នាំ ទទួលបាន​គោរមងារ​ជា «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​» ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ទៅនឹង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៧/៥៨១ ចុះ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ព្រះករុណា​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​គោរមងារ​ឯកឧត្តម ទៀ បាញ់ ជា​«​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​» នេះ មិន​ខុសពី​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ​ឯកឧត្តម សុខ អាន ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​» នោះឡើយ គឺ​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយផ្ទាល់​ពី​អង្គ​ព្រះមហាក្សត្រ ខណៈ​ព្រះមហាក្សត្រ​ទ្រង់​កំពុង​គង់​សម្រាក​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន​នៅឡើយ ហើយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ព្រះរាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ។ លើសពីនេះ ព្រះរាជក្រឹត្យ​ក៏​មិនបាន​បញ្ជាក់​អំពី​ទីកន្លែង​ដែល​អង្គ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.