ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​វីវរ​ធំ​ហើយ ! មាន​ជន​ទំនើង​ថ្លើមធំ​ពាសមេឃ​ហ៊ាន​បន្លំ​ឈ្មោះ​ផ្កាយ​២​ទាហាន​កូនប្រុស​ផ្កាយ​៤ ទៀ បាញ់ ធ្វើជា​អភិបាលរង​ខេត្តសៀមរាប

​បុរស​ម្នាក់​ឈ្មោះ ទៀ សីហា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ត្រូវបានតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ដើមចម​ដែល​នាំ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ទៀ សីហា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទទួលបាន​ការតែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​នោះ គឺ​បន្ទាប់ពី​បុរស​រូបនេះ​ទទួលបាន​ការផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) អត្តលេខ​០១៩៨៦៤ ចូលមកក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥១៥ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ។

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) អត្តលេខ​០១៩៨៦៤ មិនមាន​ឈ្មោះ «​ទៀ សីហា​» ទេ គឺ​មានតែ​ឈ្មោះ «​ទៀ ទី​ហា​» ត្រូវជា​កូនប្រុស​បង្កើត​របស់​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។​

​លោក ទៀ ទី​ហា នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១១/៣៧៣ ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤២៦ ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤ ។

​លើសពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀ ទី​ហា ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ត្រូវជា​ឪពុក​បង្កើត មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ទៀតផង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/២៨៦ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ ពោលគឺ​មាន​ងារ និង​ឋានៈ​ជា «​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​» ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ក្នុងករណី​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ​០១៩៨៦៤ មិនមាន​ឈ្មោះ «​ទៀ សីហា​» ទេនោះ គឺ​មានន័យថា ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥១៥ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ត្រាស់បង្គាប់​ផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ​លោក ទៀ សីហា ពី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ អត្តលេខ​០១៩៨៦៤ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ មក​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៥៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដែល​សម្រេច​តែងតាំង​លោក ទៀ សីហា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ជា​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ «​ក្លែងបន្លំ​» និង​ត្រូវ​ចាត់ទុកជា «​មោ​ឃៈ​» ។ ឬ​អាចនិយាយបាន​ម្យ៉ាងទៀត​ដែរ​ថា មាន​ជន​ទំនើង​ថ្លើមធំ​ពាសមេឃ​ឈ្មោះ «​ទៀ សីហា​» មក​បន្លំ​ឈ្មោះ​ផ្កាយ​២​ទាហាន​ត្រូវជា​កូនប្រុស​ឯកឧត្តម ទៀ បាញ់ ទៅធ្វើជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​យ៉ាង​គឃ្លើន​បំផុត ដែល​ត្រូវតែ​ទទួលរង​ការផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.