ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​ចប់​ដោយ​គ្មាន​វាចា ! ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាំគ្នា​ដឹក​ដៃ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​ឲ្យ «​វង្វេងផ្លូវ​» ពេញទំហឹង​

​ជា​រឿង​ហួសចិត្ត​ឥតឧបមា​នៅពេល​ដឹងថា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ (​ជំនាន់​ឯកឧត្តម ប៉ា សុជាតិ​វង្ស ជា​អភិបាល និង​លោក ឃួ​ង ស្រេង ជា​អភិបាលរង​នៃ​គណៈ​អភិបាល​) បែរជា​នាំគ្នា​ដឹក​ដៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ «​វង្វេងផ្លូវ​» នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក្បែរ​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​ទៅវិញ ។

​ព័ស្តុតាង​បានបង្ហាញ​ថា យោងតាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ធ្វើ​អនុ​ប​យោគ​ប្តូរ​ចំណាត់ថ្នាក់​នៅ​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន (​អតីត​មណ្ឌល​សុខភាព​កាកបាទក្រហម​) ទំហំ​២ ៩៧៧​ម៉ែត្រក្រឡា ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​១០១​អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ ព្រមទាំង​បានដាក់​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន​នេះ​ថា ឋិត​នៅ​ផ្លូវ​លេខ​៤១​កែង​ផ្លូវ​លេខ​២៩១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​តាម​ការពិត​ជាក់ស្តែង ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន គឺ​ឋិត​នៅ​ផ្លូវ​លេខ​៤១ (​មហាវិថី​ព្រះ​នរោត្តម​) កែង​ផ្លូវ​លេខ​២៩៤ (​វិថី​ឧកញ៉ា ជ្រុ​ន យូ​ហាក់​) សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ទៅវិញ​ទេ ។ មានន័យថា ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននាំគ្នា​ដឹក​ដៃ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​ឲ្យ «​វង្វេង​ច្រឡំ​លេខ​ផ្លូវ​» ពី​ផ្លូវ​លេខ​២៩៤ ទៅជា​ផ្លូវ​លេខ​២៩១ ។​

​កាលពី​អំឡុង​ឆ្នាំ​២០១៣​កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​សម្រេច​ប្រគល់​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន​ឲ្យ​ទៅ​ក្រុមហ៊ុន ហ្វា​យ ស៊ី​ប្ល៊ី​ង អ៊ិន​វេស​មេន (Five Sibling Investment Co.,Ltd.) ដែលជា​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​បុរស​ខ្លាំង (​លោកស្រី​ហ៊ុន ម៉ា​ណា ជា​កូនស្រី​បង្កើត​បុរស​ខ្លាំង​) និង​ក្រុមគ្រួសារ​លោកជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ (​យាយ​ភូ​) ទទួល​សិទ្ធិ​អនុវត្ត​បន្ត​ការសាងសង់​មន្ទីរពេទ្យបង្អែក​ចំការមន​នេះ តាម​ស្មារតី​លិខិត​លេខ​៦៩០​សជណ ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​នៅ​ទីបំផុត ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ មិនបាន​ក្លាយទៅជា​អគារ​មន្ទីរពេទ្យ​ដូចដើម​ទេ គឺ​បែរជា​លេចចេញ​វត្តមាន​អគារ​ធនាគារ​ឯកទេស​អេ​ស៊ា​-​ប៉ាស៊ីហ្វិក ឌី​វេឡុ​ប​មេន ភីអិលស៊ី (APD Bank) អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ហើយ​ទៅវិញ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​នឹកឃើញ​សម្រេច​ធ្វើ​អនុ​ប​យោគ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ (​ជា​ទ្រព្យសម្បត្តិ​អាច​លក់ ដូរ បែងចែក និង​ផ្ទេរសិទ្ធិ​) តាមរបៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.