ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​រឿង​«​កូន​កើតមុន​ឪ ព​តា​ដើរលេង​» ! ចេញ​លិខិត​កោះប្រជុំ​ថ្ងៃទី​២៩ តែ​កាលបរិច្ឆេទ​ប្រជុំ​កំណត់​ថ្ងៃទី​០១ ខែ​ដដែល

​រឿងនេះ​បានកើត​ឡើង​នា​អំឡុង​ឆ្នាំ​២០១៥​តាំងពី​ជំនាន់​លោក គួច ចំរើន នៅ​កាន់តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​លោក អ៊ុក សាកល នៅ​កាន់តំណែង​ជា​នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​នៅឡើយ ប៉ុន្តែ​វា​ជា​រឿង​ហួសចិត្ត​មួយ​របៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» ដែល​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​សូម​លើក​យកមក​ផ្សព្វផ្សាយ​ជូន​ប្រិយមិត្ត​អ្នកអាន​ទុកជា​ការ «​សើច​លេង​កម្សាន្ត​» ។

​តាម​បញ្ជា (​តប​) លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ លោក អ៊ុក សាកល អតីត​ជា​នាយក​រដ្ឋបាល​ខណ្ឌដូនពេញ (​បច្ចុប្បន្ន​អភិបាលរង​ខណ្ឌដូនពេញ​) បាន​ចុះហត្ថលេខា​នៅលើ​ល​ខិត​អញ្ជើញ​ជា​ផ្លូវ​ការអញ្ជើញ​ប្រជាពលរដ្ឋ​រស់នៅ​តាមផ្លូវ​លេខ​៧០ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ប្រជុំ​ដោះស្រាយ​ផលប៉ះពាល់​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន (Shukaku Inc.) ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​០១ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩​ព្រឹក នៅ​សាលប្រជុំ​សាលាខណ្ឌ​ដូនពេញ ក្រោម​អធិបតីភាព​លោក​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។

​ពាក់ព័ន្ធ​ទៅនឹង​លិខិតអញ្ជើញ​ខាងលើនេះ មាន​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ហួសចិត្ត​ឥតឧបមា​នៅត្រង់ថា កាលបរិច្ឆេទ​ប្រជុំ​កំណត់​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៥ ប៉ុន្តែ​លិខិតអញ្ជើញ​ចូលរួម​ប្រជុំ​បែរជា​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥​ទៅវិញ ពោលគឺ​របៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» សុទ្ធសាធ ។​

​ទោះយ៉ាងណា​ក៏ដោយ ករណីនេះ​នឹងមាន​អ្នកបកស្រាយ​ថា ជា «​កំហុស​បច្ចេកទេស​» ខណៈ​លោក គួច ចំរើន អតីត​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បច្ចុប្បន្ន​ទទួល​បានកា​រតែង​តាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៧/៥០៤ ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ និង​លោក អ៊ុក សាកល អតីត​ជានា​យក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ បច្ចុប្បន្ន​ទទួល​បានកា​រតែង​តាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ដោយ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១៤១២២​ប្រក ចុះ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ យ៉ាង​ហ៊ី​ហា​គ្រប់ៗ​គ្នា​រួច​អស់​ទៅហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.