ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​រឿងអាស្រូវ​ពេទ្យ​ភូមិ ! ក្រមុំ​រោងចក្រ​ម្នាក់​ស្លាប់​ក្រោម​ម្ជុល​របស់​គ្រូពេទ្យ​ភូមិ​សល់​ពី​សម័យ​ប៉ុលពត​យ៉ាង​អាណោចអាធ័ម និង​សោកស្តាយ​

មាន​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​សោកស្តាយ​មួយ​បាន​កើតឡើង​នៅ​ភូមិ​ស្វាយ​ក្អែរ ឃុំ​តា​លួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កាលពី​វេលា​ម៉ោង​១៨ និង​១០​នាទី​ល្ងាច​នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ គឺ​ស្រី​ក្រមុំ​អាយុ​១៩​ឆ្នាំ​បម្រើ​ការងារ​នៅ​រោងចក្រ​ម្នាក់​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ចោល​ម្តាយ​មេម៉ាយ​អាយុ​៦៥​ឆ្នាំ​ក្រោម​ម្ជុលចាក់​ថ្នាំ​របស់​គ្រូពេទ្យ​ភូមិ​គ្មាន​សញ្ញាប័ត្រ​សល់​ពី​សម័យ​ប៉ុលពត ។​

​ស្ត្រី​ឈ្មោះ ទិ​ត្យ ស៊ី អាយុ​៤៣​ឆ្នាំ ត្រូវជា​ម្តាយមីង​របស់​ស្រី​ក្រមុំ​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា នាងក្រមុំ​រងគ្រោះ​មានឈ្មោះ ថោង វ​ល័​ក្ខ អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង និង​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ ទិ​ត្យ ស៊ាន អាយុ​៦៥​ឆ្នាំ ។​

​សាច់ញាតិ​ជនរងគ្រោះ​ដែល​ឋិត​នៅក្នុង​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នាងក្រមុំ​រងគ្រោះ​បាន​ទូរស័ព្ទ​ពី​រោងចក្រ​ជា​កន្លែង​នាង​ធ្វើការ​ប្រាប់​មកកាន់​ម្តាយ​ថា មាន​អារម្មណ៍​ឈឺក្បាល និង​ថប់ដង្ហើម ។ ម្តាយ​ឮ​កូន​និយាយ​ដូច្នេះ​ក៏​ប្រាប់​តប​ទៅ​កូន​ឲ្យ​សុំច្បាប់​សម្រាក​ពី​ការងារ​មួយថ្ងៃ​ដើម្បី​ត្រឡប់មកផ្ទះ ។ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១៦​ល្ងាច ម្តាយ​របស់​នាងក្រមុំរ​ង​គ្រោះ​ក៏បាន​ហៅ​គ្រូពេទ្យ​ក្នុងភូមិ​ម្នាក់​ឲ្យ​មក​មើលជំងឺ​កូន ហើយ​គ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​តាម​សរសៃ​អស់​ប្រមាណ​ពាក់កណ្តាល​សឺ​រ៉ាំ​ង ស្រាប់តែ​នារី​រងគ្រោះ​លាន់មាត់​ថា «​រមាស់​ខ្លាំងណាស់​» ។ ឃើញ​សភាព​អ្នកជំងឺ​មិនសូវ​ស្រួល គ្រូពេទ្យ​ភូមិ​នោះ​ក៏បាន​ចាក់​ថ្នាំ​ថែម​ចំនួន​២​ម្ជុល​ទៀត​នៅត្រង់​សាច់ដុំ​ភ្លៅ​សងខាង ដោយ​បញ្ជាក់ថា ជា​ថ្នាំបន្សាប ។ មួយសន្ទុះ​ក្រោយមក នារី​រងគ្រោះ​ក៏​ស្ងាត់​បាត់មាត់បាត់ក និង​ក៏​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ដ៏​គួរ​ឲ្យ​សោកស្តាយ​តែម្តង ។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចាក់​ថ្នាំ​បន្ថែមចំនួន​២​ម្ជុល​រួចហើយ គ្រូពេទ្យ​ភូមិ​នោះ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​ឲ្យ​នារី​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​យ៉ាង​ខ្លោចផ្សា​ក្រៃលែង ។ ក្រោយមក តាម​ការរាយការណ៍រ​បស់​ប្រជាពលរដ្ឋ គ្រូពេទ្យ​ជំនាញ​ក៏​បានមក​ពិនិត្យ​សាកសព​នារី​រងគ្រោះ និង​វត្ថុតាង​ជា​សម្បក​ថ្នាំ​ដែល​គ្រូពេទ្យ​ភូមិ​នោះបាន​ចាក់ ។

​ប្រភព​ព័​ត៌ា​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា លោកគ្រូ​ពេទ្យ​ភូមិ​ដែល​ចាក់​ថ្នាំ​៣​ម្ជុល​ឲ្យ​ក្រមុំ​រោងចក្រ​ម្នាក់​រហូតដល់​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ ហាស់ ប៊ុនធឿន អាយុ​៥៨​ឆ្នាំ គ្មាន​សញ្ញាប័ត្រ​សិក្សា​ពី​វិជ្ជាពេទ្យ​អ្វី​ទេ គឺជា​ពេទ្យ​ចេះ​តៗ​គ្នា​សល់​ពី​សម័យ​ប៉ុលពត ។ កន្លងមក មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ធ្លាប់​ឲ្យ​គ្រូពេទ្យ​ភូមិ​នេះ​ចុះកិច្ចសន្យា​ចំនួន​២​ទៅ​៣​ដង​រួចហើយ មិន​ឲ្យ​បន្ត​ដើរ​ចាក់​ថ្នាំ​អ្នកជំងឺ​តាម​ភូមិ​តទៅទៀត​ទេ ប៉ុន្តែ​ជនសង្ស័យ​នៅតែ​ចចេស​រឹងរូស​បន្ត​ចាក់​ថ្នាំ​ទៀត​រហូត​ធ្វើ​ឲ្យ​មាន​អ្នកជំងឺ​ស្លាប់ និង​រត់​យករួចខ្លួន​ទាល់តែ​បាន ។​

​ឆ្លុះបញ្ចាំង​តាម​ហេតុការណ៍​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ផង មុននឹង​អញ្ជើញ​គ្រូពេទ្យ​មក​ឲ្យ​ចាក់​ថ្នាំ​ព្យាបាល​ដល់​កូនចៅ​ដែលមាន​ជំងឺ ខ្លាចក្រែង​ប៉ះចំ​គ្រូពេទ្យ​គ្មាន​ជំនាញ​ពិតប្រាកដ គឺ​នឹង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​រហូតដល់​បាត់បង់​ជីវិត​កូនចៅ​គួរ​សោកស្តាយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.