គេហទំព័រសារព័ត៌មាន Bloomberg បានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា ប្រទេសតួកគីបានព្រមព្រៀងបញ្ជាទិញប្រព័ន្ធខែលការពារមីស៊ីលដែនអាកាសធុន S-400 ពីប្រទេសរុស្ស៊ីមានតម្លៃទឹកប្រាក់រហូតដល់ទៅ២,៥ពាន់លានដុល្លារអាមេរិក ហើយប្រព័ន្ធខែលការពារមីស៊ីលនេះនឹងត្រូវដំឡើងនៅឆ្នាំក្រោយ ។
ការសម្រេចចិត្តបញ្ជាទិញអាវុធមីស៊ីលការពារដែនអាកាសធុន S-400 ពីមហាអំណាចរុស្ស៊ីដោយប្រទេសតួកគីដែលជាសមាជិកសម្ព័ន្ធភាពអង្គការ NATO ជាមួយសហរដ្ឋអាមេរិកនេះបានធ្វើឲ្យមហាអំណាចអាមេរិកមិនសប្បាយចិត្តឡើយ ហើយថែមទាំងសម្តែងនូវកង្វល់ព្រួយបារម្ភទៀតផង ។
គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ីបានផ្សព្វផ្សាយឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយបារម្ភ និងក៏បានស្នើឲ្យប្រទេសតួកគីបកស្រាយច្បាស់លាស់អំពីករណីបញ្ជាទិញប្រព័ន្ធខែលការពារមីស៊ីលធុន S-400 ពីប្រទេសរុស្ស៊ី ពីព្រោះតួកគីជាសមាជិកអង្គការ NATO ហើយច្បាប់មូលដ្ឋានរបស់អង្គការ NATO គឺត្រូវសហការគ្នាក្នុងរង្វង់សម្ព័ន្ធភាព NATO លើវិស័យសព្វាវុធ ។
ឆ្លើយតបទៅនឹងកង្វល់របស់សហរដ្ឋអាមេរិកនោះ លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគីបានថ្លែងនៅក្រោយកិច្ចប្រជុំសភាថា គ្មានហេតុផលអ្វីដែលសហរដ្ឋអាមេរិកត្រូវព្រួយបារម្ភក្នុងរឿងតួកគីទិញខែលការពារមីស៊ីលធុន S-400 ពីរុស្ស៊ីនោះទេ ពីព្រោះប្រទេសទាំងអស់ គឺមានសិទ្ធិក្នុងការធានាដល់សន្តិសុខជាតិរបស់ខ្លួន ។
ប្រព័ន្ធខែលការពារមីស៊ីលធុន S-400 ដែលអង្គការ NATO ហៅថា «SA-21 Growler» គឺជាអាវុធមីស៊ីលការពារដែនអាកាសផលិតដោយប្រទេសរុស្ស៊ីដាក់ឲ្យប្រើប្រាស់នាអំឡុងឆ្នាំ២០០៧ ដែលមានចំនួនប្រមាណជិត២០០ប្រព័ន្ធ និងក្នុងមួយប្រព័ន្ធមានតម្លៃប្រមាណ៤០០លានដុល្លារអាមេរិក ។ មីស៊ីលប្រភេទនេះអាចវាយកម្ទេចគោលដៅនៅលើអាកាស ដូចជា មីស៊ីលផ្លោងឆ្លងទ្វីប និងយន្តហោះចម្បាំងក្នុងរង្វង់ប្រតិបត្តិការចម្ងាយប្រមាណ៤០០គីឡូម៉ែត្រ ៕