គេហទំព័រសារព័ត៌មាន BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា ដំណើរការរុករកឧស្ម័នធម្មជាតិរបស់ប្រទេសវៀតណាមនៅតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ ដែលប្រតិបត្តិដោយក្រុមហ៊ុនអេស្ប៉ាញមួយឈ្មោះ Repsol ត្រូវបានបញ្ឈប់សកម្មភាពហើយ បន្ទាប់ពីរងការព្រមានវាយកម្ទេចមូលដ្ឋានទ័ពវៀតណាមនៅទីប្រជុំកោះ Spratly រួចមក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ដំណើរការរុករកឧស្ម័នធម្មជាតិរបស់ប្រទេសវៀតណាមនៅប្លុក១៣៦-០៣នៃតំបន់ដែនសមុទ្រចិនខាងត្បូងឋិតនៅចម្ងាយប្រមាន៤០០គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាមចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ដោយជួលឲ្យក្រុមហ៊ុនឈ្មោះ Talisman-Vietnam ជាសាខាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Repsol ។
ដោយឡែក ប្លុកទីតាំងរុករកឧស្ម័នធម្មជាតិរបស់ប្រទេសវៀតណាមនៅសមុទ្រចិនខាងត្បូងដែលប្រតិបត្តិដោយក្រុមហ៊ុន Repsol នោះ ត្រូវបានប្រទេសចិនហៅថា តំបន់ Wanan Bei-21 ដែលបានជួលតំបន់ដូចគ្នានេះឲ្យទៅក្រុមហ៊ុនរុករកឧស្ម័នធម្មជាតិមួយផ្សេងទៀត ។
ក្រុមហ៊ុន Repsol បានដាក់ទុនវិនិយោគទឹកប្រាក់ជាង៣០០លានដុល្លារអាមេរិកជាមួយរដ្ឋាភិបាលវៀតណាមដើម្បីរុករកឧស្ម័នធម្មជាតិនៅប្លុក១៣៦-០៣ នៃតំបន់ដែនសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ និងឥឡូវត្រូវបានបញ្ឈប់សកម្មភាពរុករកហើយបន្ទាប់ពីមានការគំរាមព្រមានវាយកម្ទេចមូលដ្ឋានទ័ពប្រទេសវៀតណាមនៅប្រជុំកោះ Spratly នៃតំបន់ដែនសមុទ្រចិនខាងត្បូង ប្រសិនបើមិនបញ្ឈប់សកម្មភាពរុករកឧស្ម័នទេនោះ ៕