ថ្ងៃ សៅរ៏ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០

​ស្ថានការណ៍​អនាគត​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឋិត​ក្នុងការ​បារម្ភ បើ​មូលនិធិ​លោក​វេជ្ជបណ្ឌិត Beat Richner ត្រូវ​កាត់ផ្តាច់ និង​ធ្លាក់​ក្នុង​ដៃ​រដ្ឋ​គ្រប់គ្រង​

អស់​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ ដែល​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ​មាន​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ជា​ស្ថាបនិក​បាន​ដំណើរការ​សង្គ្រោះ​ជីវិត និង​ថែទាំ​សុខភាព​កុមារ​កម្ពុជា​មិន​គិតថ្លៃ​សេវា​ព្យាបាល ខណៈ​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ជួយឧបត្ថម្ភ​ថវិកា​ក្រោមរូបភាព​ជា​បដិភាគ ប៉ុន្តែ​ស្ថានការណ៍​របស់​មន្ទីរពេទ្យ​មនុស្សធម៌​មួយ​នេះ​ទៅ​ថ្ងៃ​អនាគត​ឋិត​ក្នុងការ​ព្រួយបារម្ភ ប្រសិនបើ​មូលនិធិ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​នោះ ។

​ក្តីបារម្ភ​ចំពោះ​គុណភាព និង​ប្រសិទ្ធភាព​សេវា​សង្គ្រោះ និង​ថែទាំ​សុខភាព​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​កើតមានឡើង​ចំពោះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន គឺ​បន្ទាប់ពី​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner មាន​បញ្ហា​សុខភាព និង​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ស្វី​ស​កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៧​កន្លងទៅ ។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦-២០១៧» នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ចង់​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​មានដំណើរ​ការ​ជា​ប្រក្រតី​ដូច​សព្វថ្ងៃ ទាំង​វិន័យ ទាំង​គុណភាព​សេវា​លើ​ការថែទាំ​សុខភាព​កុមារ​គ្រប់ៗ​រូប​ដោយ​ឥតគិតថ្លៃ បើទោះបី​មូលនិធិ​របស់​ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ត្រូវបាន​កាត់ផ្តាច់​ក៏ដោយ ។​

​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ចុះហត្ថលេខា​រួមគ្នា​នៅលើ​ប្រកាស​អន្តរក្រសួង​មួយ​ស្តីពី​ការបង្កើត​ក្រុមការងារ​ទទួលបន្ទុក​លើ​ការងារ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​ក្រុមការងារ​មាន​សមាសភាព​ចំនួន​១៦​នាក់ ក្នុងនោះ​ក៏មាន​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​សមាជិក​ក្រុមការងារ​ផងដែរ ។​

​ប្រកាស​អន្តរក្រសួង​លេខ​១៧៤​សហវ​.​ប្រក ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល​ស្តីពី​ការបង្កើត​ក្រុមការងារ​ទទួលបន្ទុក​លើ​ការងារ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា បានចែង​កំណត់​អំពី​តួនាទី និង​ភារកិច្ច​របស់​ក្រុមការងារ​នេះ​ដូចតទៅ ៖ ១-​ធ្វើ​ការងារ​ជាមួយ​លោក​វេជ្ជបណ្ឌិត Beat Richner និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទទួល​ព័ត៌មាន និង​សិក្សា​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​, ប្រតិបត្តិការ​, សេវា​សុខាភិបាល និង​នីតិវិធី​នៃ​ការគ្រប់គ្រង​របស់​មន្ទី​រ​ពេទ្យ ។ ២-​សិក្សា​លើ​បញ្ហា​ហិរញ្ញប្បទាន​នៃ​មូលនិធិ​គន្ធបុប្ផា​ដើម្បី​ធានា​ចីរភាព​នៃ​ដំណើរការ​ជាប្រចាំ​របស់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​អនាគត ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ស្តង់ដារ​សេវា​សមស្រប និង​ប្រសិទ្ធភាព ។ ៣-​រៀបចំ​យន្តការ​នៃ​ការគ្រប់គ្រង និង​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​នៅពេលដែល​រាជរដ្ឋាភិបាល​ទទួលយក​មន្ទីរពេទ្យ​នេះ​មក​គ្រប់គ្រង​វិញ ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​ក្លាយជា​មន្ទីរពេទ្យ​រដ្ឋ​ដែលមាន​ស្តង់ដារ​គំរូ​នាពេល​អនាគត ។​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងសុខាភិបាល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៦/៣៣៦ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.