ថ្ងៃ អាទិត្យ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩

ធ្លាយ​ឯកសារ​សម្ងាត់ ! ចំណារ​របស់​បុរស​ខ្លាំង​ដែល​មិនអាច​ចេញ​ជា​លិខិត​ស​.​ជ​.​ណ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន គឺ​ឯកសារ​សម្ងាត់​ពាក់ព័ន្ធ​នឹង​ការបោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម

​ករណី​ប្រើប្រាស់​ផែនទី UTM ខ្នាត​១/៥០ ០០០ ចំនួន​៤០​ផ្ទាំង​ដែល​បោះពុម្ព​ដោយ​ភាគី​ប្រទេស​វៀតណាម​សម្រាប់​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ដូច​មានចែង​ក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​កន្លងទៅ បាន​ក្លាយជា​ប្រធានបទ «​ក្តៅគគុក​» ព្រោះតែ​មានការ​បកស្រាយ​ផ្ទុយគ្នា​រវាង​មន្ត្រី​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ និង​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ សកម្មជន​ព្រំដែន ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​បាន​វាយតម្លៃថា សន្ធិសញ្ញា​បំពេញបន្ថែម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​រវាង​កម្ពុជា និង​វៀតណាម ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០០៥ ដែល​ប្រើប្រាស់​ផែនទី UTM ខ្នាត​១/៥០ ០០០ បោះពុម្ព​ដោយ​ភាគី​ប្រទេស​វៀតណាម​ធ្វើជា​មូលដ្ឋាន​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម គឺ​មិន​ស្របទៅនឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចែងថា «​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ ។​» រីឯ​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជាម​ន្ត្រី​បម្រើ​ការងារ​ស្និទ្ធ​នឹង​ស្ថាប័ន​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ដង្ហែ​គាំទ្រ​យ៉ាង​ប្តូរផ្តាច់​ទៅលើ​ផែនទី​ដែល​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ធ្វើជា​មូលដ្ឋាន​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម ពេញទំហឹង ។​

​ក្នុងន័យ​ដើម្បី «​វាយបក​» គ្រប់​ទិដ្ឋភាព​ពាក់ព័ន្ធ​នឹង​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម ទៅនឹង​សកម្មជន​ព្រំដែន ព្រមទាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​នោះ កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅ លោក​បណ្ឌិត សុខ ទូច បានធ្វើ​លិខិត​មួយច្បាប់​គោរព​ជូន​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ស្នើសុំ​អនុញ្ញាត​ជាគោលការណ៍​សូម​ឲ្យ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ផ្តល់នូវ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម មក​ក្រុម​ស្រាវជ្រាវ​របស់ខ្លួន ។ សំណើ​ចំនួន​១០​ចំណុច​របស់លោក​បណ្ឌិត សុខ ទូច ត្រូវបាន​បុរស​ខ្លាំង​ធ្វើ​ចំណារ​ចុះ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ខ្លឹមសារ «​យល់ស្រប​តាម​សំណើ​» ។ ប៉ុន្តែ​ប្រការ​គួរ​ឲ្យ​កត់សម្គាល់​ក្នុងករណីនេះ គឺពាក់ព័ន្ធ​នឹង​សំណើ​របស់លោក​បណ្ឌិត សុខ ទូច ត្រូវបាន​បុរស​ខ្លាំង​ចាត់ទុកថា​ជា «​ការសម្ងាត់​» និង​មិន​ឲ្យ​ចេញ​ជា​លិខិត​ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ឡើយ ដោយ​ត្រូវ​រក្សា​ទុកជា «​ឯកសារ​សម្ងាត់​» (​តាម​ធម្មតា បើ​មាន​ចំណារ​របស់​នាយករដ្ឋមន្ត្រី គឺ​ត្រូវ​ចេញ​ជា​លិខិត​ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​) ។

​គុណសម្បត្តិ​ក្នុងការ​ដង្ហែ​គាំទ្រ និង​ផ្ទៀងផ្ទាត់​បង្ហាញ​នូវ​លទ្ធផល​នៃ​ភាពត្រឹមត្រូវ​របស់​ផែនទី UTM ខ្នាត​១/៥០ ០០០ ចំនួន​៤០​ផ្ទាំង​បោះពុម្ព​ដោយ​ភាគី​ប្រទេស​វៀតណាម​សម្រាប់​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម របស់លោក​បណ្ឌិត សុខ ទូច នាំ​ឲ្យ​លោក​បណ្ឌិត​រូបនេះ​ទទួលបាន​ផលចំណេញ​កប់​ក្តោង​តែម្តង គឺ​ទទួលបាន​ការតែងតាំង​ជា​សមាជិក​ពេញសិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​គោរមងារ​ជា «​បណ្ឌិតសភា​ចា​រ្យ​» និង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៦/០៩០ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ពោល​មាន​ឋានៈ និង​គោរមងារ​ជា «​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​» ខណៈ​សកម្មជន​ព្រំដែន និង​បូរណភាព​ទឹកដី​ឯទៀតៗ បែរជា​បាន និង​កំពុង​ជាប់ពន្ធនាគារ​ព្រោងព្រាត​ទល់​សព្វថ្ងៃ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.