ថ្ងៃ អាទិត្យ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩

​រំលោភ​ឥត​ល្ហែ ! ព័ស្តុតាង​នៃ​ការរំលោភបំពាន​ច្បាប់​មិន​រាងចាល​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​មាត្រា​១៦ កថាខណ្ឌ​ទី​៤ និង​មាត្រា​១៧ កថាខណ្ឌ​ទី​១ នៃ​ច្បាប់​ភូមិបាល​បានចែង​ថា «​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ អាច​ត្រូវបាន​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ តាមរយៈ​ច្បាប់​អនុ​ប​យោគ ។ ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ អាចជា​កម្មវត្ថុ​នៃ​ការលក់ ការដូរ ការបែងចែក ឬ​ការផ្ទេរសិទ្ធិ តាម​ការ​កំណត់ដោយ​ច្បាប់ ។​» ។

​ដោយឡែក មាត្រា​២, មាត្រា​៣ និង​មាត្រា​៥ កថាខណ្ឌ​ទី​១​នៃ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៦/៣៣៩ ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០០៦ ស្តីពី​គោលការណ៍ និង​បញ្ញត្តិ​អន្តរកាល​នៃ​ការធ្វើ​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ បាន​ចែងថា «​អនុ​ប​យោគ គឺជា​ប្រតិបត្តិការ​នៃ​ការធ្វើ​ចំណាត់ថ្នាក់​ឡើងវិញ​លើ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឋានៈ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ។ ការធ្វើ​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ​ត្រូវគោរព​តាម​លក្ខខណ្ឌ ៖ -​ទ្រព្យសម្បត្តិ​នោះ​លែង​ជា​តម្រូវការ​នៃ​ផល​ប្រយោគ​សាធារណៈ ឬ -​ទ្រព្យសម្បត្តិ​នោះ​បាត់បង់​លក្ខណៈសម្បត្តិ​ពេញលេញ​របស់ខ្លួន​ក្នុង​ការបម្រើ​ប្រយោជន៍​សាធារណៈ ឬ -​ទ្រព្យសម្បត្តិ​នោះ​លែង​ជាការ​ប្រើប្រាស់​ដោយផ្ទាល់​ដោយ​សាធារណជន ។ រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ​ដោយ​អនុក្រឹត្យ ។​» ។​

​ទោះបី​ច្បាប់​ភូមិបាល និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៦/៣៣៩ ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០០៦ ស្តីពី​គោលការណ៍ និង​បញ្ញត្តិ​អន្តរកាល​នៃ​ការធ្វើ​អនុ​ប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ​បានចែង​បញ្ញត្តិ​ដូចខាងលើ​ក៏ដោយ ក៏​ព័ស្តុតាង​ជាក់ស្តែង​បានបង្ហាញ​ថា ការយក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ជួល​រយៈពេល​ច្រើន​ឆ្នាំ «​សឹង​ហៅថា លក់​ក៏បាន​» ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​ប្រមុខ​មិនបាន​ធ្វើ​អនុ​ប​យោគ​ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ជាមុន​ស្របទៅតាម​នីតិវិធី​នៃ​ច្បាប់​នោះទេ ជាអាទិ៍ ៖

១-​ទីតាំង​បឹងកក់ ទំហំ​ជាង​១០០​ហិកតា ឋិត​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ៖ យោងតាម​ស្មារតី​លិខិត​លេខ​១០៩​សជណ ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០០៧​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​សិទ្ធិ​ប្រទាន​របស់​បុរស​ខ្លាំង ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី គឺ​សាលាក្រុង​ភ្នំពេញ​តំណាង​ដោយ​ឯកឧត្តម កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះកិច្ចសន្យា​នា​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០០៧ សម្រេច​ជួល​ទីតាំង​បឹងកក់​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ រយៈពេល​៩៩​ឆ្នាំ ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ី​ន (Shukaku Inc.) តំណាង​ដោយ​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវជា​ស្វាមី​របស់លោក​ជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ «​យាយ​ភូ​» ជា​ឈ្មួញ​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​បុរស​ខ្លាំង​មានតម្លៃ​ស្មើនឹង​៧៩ ០០២ ០០០ ដុល្លារ​អាមេរិក​បាត់ទៅហើយ ។​

​លុះ​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​ក្រោយមក ទើប​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចេញ​អនុក្រឹត្យ​លេខ​១០៨​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០០៨ សម្រេច​ធ្វើ​អនុ​ប​យោគ​ទីតាំង​បឹងកក់ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ។ ពោលគឺ ដំណើរ​ការជួល​ទីតាំង​បឹងកក់​រយៈពេល​៩៩​ឆ្នាំ ទៅ​ឲ្យ​ក្រុមហ៊ុន Shukaku Inc. របស់​ឯកឧត្តម​ឧកញ៉ា ឡាវ ម៉េង​ឃី​ន ប្រព្រឹត្តទៅ​តាមរបៀប «​កូន​កើតមុន​ឪ ព​តា​ដើរលេង​» (Sic!) ។​

២-​ទីតាំង​មន្ទីរពេទ្យបង្អែក​ចំការមន ទំហំ​២ ៩៧៧​ម៉ែត្រក្រឡា ឋិត​នៅ​មហាវិថី​ព្រះ​នរោត្តម (​ផ្លូវ​លេខ​៤១) កែង​ផ្លូវ​លេខ​២៩៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៖ ដើមឡើយ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​សម្រេច​ប្រគល់​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន​ឲ្យ​ទៅ​ក្រុមហ៊ុន ហ្វា​យ ស៊ី​ប្ល៊ី​ង អ៊ិន​វេស​មេន (Five Sibling Investment Co.,Ltd.) ដែលជា​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​បុរស​ខ្លាំង (​លោកស្រី ហ៊ុន ម៉ា​ណា ជា​កូនស្រី​បង្កើត​បុរស​ខ្លាំង​) និង​ក្រុមគ្រួសារ​លោកជំទាវ​ឧកញ៉ា ជឹ​ង សុភាព ហៅ «​យាយ​ភូ​» ទទួល​សិទ្ធិ​អនុវត្ត​បន្ត​ការសាងសង់​មន្ទីរពេទ្យបង្អែក​ចំការមន​នេះ តាម​ស្មារតី​លិខិត​លេខ​៦៩០​សជណ ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

​ក្រោយមក នៅលើ​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន (​អតីត​មណ្ឌល​សុខភាព​កាកបាទក្រហម​) បែរជា​លេចចេញ​វត្តមាន​អគារ​ធនាគារ​ឯកទេស អេ​ស៊ា​-​ប៉ាស៊ីហ្វិក ឌី​វេឡុ​ប​មេន ភីអិលស៊ី (APD Bank) អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ហើយ​ទៅវិញ ។​

​លុះ​មកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៧ ទើប​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ចេញ​អនុក្រឹត្យ​លេខ​១០១​អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ សម្រេច​ធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ។ ពោលគឺ ដំណើរ​ការជួល ឬ​លក់​ផ្តាច់​ទីតាំង​ដី​មន្ទីរពេទ្យបង្អែក​ចំការមន​ឲ្យ​ទៅ​ក្រុមហ៊ុន​ធនាគារ APD Bank ប្រព្រឹត្តទៅ​តាមរបៀប «​កូន​កើតមុន​ម៉ែ ព​យាយ​ដើរលេង​» (Resic! ) ។

​សរុបសេចក្តី​មក រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បាន​រំលោភបំពាន​ច្បាប់​ភូមិបាល​មិន​រាងចាល​ទាល់តែសោះ ពាក់ព័ន្ធ​នឹង​ការជួល ឬ​លក់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា ជាពិសេស​គឺ​បណ្តា​ក្រុមហ៊ុន​បក្ខពួក​របស់​ក្រុមគ្រួសារ​ខ្លួន ដើម្បី​កើប​ប្រមូល​លុយកាក់ ក្លាយជា​ក្រុមគ្រួសារ​មានទ្រព្យ​សម្បត្តិ​មហាសាល និង​អំណាច​ដ៏​រឹងមាំ​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.