បន្ទាប់ពីមានការការបែកធ្លាយរឿងអាស្រូវពុករលួយដ៏ធំនៅពន្ធនាគារខេត្តព្រៃវែងពាក់ព័ន្ធនឹងបុរសទណ្ឌិតម្នាក់ឈ្មោះ យ៉ែម ប្រុស កំពុងជាប់ឃុំខ្លួន ប៉ុន្តែមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រយួរដៃ (Laptop) មួយគ្រឿង និងទូរស័ព្ទ Smartphone ចំនួន៣គ្រឿងភ្ជាប់លេខទូរស័ព្ទចំនួន៤ខ្សែ សម្រាប់លេង Facebook និងប្រព័ន្ធទំនាក់ទំនងសង្គម Line បោកបញ្ជោតស្រីៗអ្នកលេង Facebook ឲ្យថតរូបអាក្រាតដើម្បីជំរិតទារប្រាក់នោះ ត្រូវបានឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១សន្តិបណ្ឌិត ចាន់ គឹមសេង អត្តលេខ២៥២៥ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបញ្ជាឲ្យបើកការស៊ើបអង្កេតបន្ទាន់ហើយដើម្បីចាត់វិធានការច្បាប់ទៅលើអនុប្រធានពន្ធនាគារ និងមន្ត្រីអនុរក្សផ្សេងទៀត ដែលជាប់ទាក់ទងនឹងរឿងពុករលួយ ។
ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១សន្តិបណ្ឌិត ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងដែរថា ទណ្ឌិតម្នាក់ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ត្រូវបានបញ្ជូនទៅដាក់ឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) វិញដើម្បីធ្វើការសាកសួរចង់ដឹងថា តើមានមន្ត្រីពន្ធនាគារណាខ្លះដែលពាក់ព័ន្ធ ?
រឿងអាស្រូវពុករលួយនៅក្នុងពន្ធនាគារខេត្តព្រៃវែង ដែលបណ្តែតបណ្តោយឲ្យទណ្ឌិតទំនើងមានលទ្ធភាពជំរិតទារប្រាក់ពីស្រីៗអ្នកលេង Facebook នៅខាងក្រៅពន្ធនាគារនេះ ត្រូវបានបែកធ្លាយឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយប្តឹងចោទប្រកាន់ថា អ្នកលេង Facebook ជាបុរសម្នាក់ប្រើប្រាស់ Account ឈ្មោះ «Pros Na» ជំរិតទារប្រាក់ពីរូបនាងម្តងចំនួន៣ ០០០ដុល្លារអាមេរិក និងម្តងទៀតចំនួន៥ ០០០ ដុល្លារអាមេរិកជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាតតាម Facebook ដែលនាងលង់ខ្លួនផ្ញើឲ្យទៅបុរសអ្នកលេង Facebook នោះ ។
តាមលទ្ធផលនៃការបំបែកសំណុំរឿងក្រោមស្នាដៃរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបង្ហាញឲ្យឃើញថា ជនសង្ស័យក្នុងករណីជំរិតទារប្រាក់នេះ គឺជាទណ្ឌិតម្នាក់ឈ្មោះ យ៉ែម ប្រុស កំពុងជាប់ឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែងពាក់ព័ន្ធនឹងបទល្មើសប្លន់ចំនួន៨ករណី (៧ករណីនៅខេត្តកំពត និង១ករណីនៅខេត្តតាកែវ) ដែលត្រូវអនុវត្តទោសចំនួន១០ឆ្នាំ (ជាប់ឃុំខ្លួននៅពន្ធនាគារខេត្តកំពតអស់រយៈពេលប្រមាណជាង១ឆ្នាំ ទើបផ្ទេរមកពន្ធនាគារខេត្តព្រៃវែងវិញ) ។
យោងតាមចម្លើយសារភាពបឋមរបស់ទណ្ឌិតឈ្មោះ យ៉ែម ប្រុស ដែលផ្សព្វផ្សាយឲ្យដឹងដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបង្ហាញថា ទណ្ឌិតឈ្មោះ យ៉ែម ប្រុស បានសមគំនិតគ្នាជាមួយលោកវរអគ្គានុរក្សថ្នាក់លេខ១ អ៊ុំ រ៉ាយឿង អត្តលេខ០១៧៥ អនុប្រធានពន្ធនាគារខេត្តព្រៃវែង ទើបទណ្ឌិតរូបនេះមានសិទ្ធិ និងលទ្ធភាពប្រើប្រាស់ Laptop មួយគ្រឿង និងទូរស័ព្ទដៃចំនួន៣គ្រឿងភ្ជាប់លេខចំនួន៤ខ្សែ រួមមានលេខ ៖ ០១៧ ៧៧០ ៧៧៣ /០៩០ ៣៣៣ ៨៣៣ /០៩៦ ៤៤៤៤ ០៧១ /០៩៦ ៨៩១៩ ២៥៤ សម្រាប់លេង Facebook និងបណ្តាញទំនាក់ទំនងសង្គម Line យ៉ាងសេរីពេញបន្ទុក ។
មជ្ឈដ្ឋានអ្នកឃ្លាំមើលកិច្ចការសង្គមនៅកម្ពុជាតែងបានលើកឡើងជារឿយៗរួចមកហើយថា ការចរាចរណ៍គ្រឿងញៀននៅក្នុងពន្ធនាគារមួយចំនួន ឬសឹងភាគច្រើននៅប្រទេសកម្ពុជា ក៏មានសកម្មភាពផុសផុលគួរឲ្យព្រួយបារម្ភបំផុតផងដែរ ដ្បិតមានអំពើពុករលួយ និងអសមត្ថភាពក្នុងជួរមន្ត្រីថ្នាក់ដឹកនាំពន្ធនាគារទាំងនោះ រហូតដល់មានអ្នកជាប់ឃុំខ្លះសម្បូរលុយកាក់សម្រាប់ចំណាយក្នុងពន្ធនាគារ គឺមានឈ្មោះតែជាអ្នកជាប់គុក ដូចបានសម្រាកនៅក្នុង «សណ្ឋាគារ» ប្រកបដោយអ្នកយាមសុវត្ថិភាពឲ្យទៅវិញ ។
ក្រៅពីឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១សន្តិបណ្ឌិត ចាន់ គឹមសេង អត្តលេខ២៥២៥ ជាអគ្គនាយក និងឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អត្តលេខ០០០៨ ជាអគ្គនាយករង ព្រមទាំងឯកឧត្តម-លោកជំទាវឧត្តមអគ្គានុរក្សថ្នាក់លេខ១ ជាអគ្គនាយករងច្រើននាក់ទៀត ដែលដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃទាំងមូល គឺមានឯកឧត្តម នុត សាអាន (ឪពុកបង្កើតរបស់ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា) រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកមើលការខុសត្រូវលើអគ្គនាយកដ្ឋានពន្ធនាគារផ្ទាល់តែម្តង ៕