ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​ងំ​ក្នុង​ពន្ធនាគារ ! ទណ្ឌិត​ជា​ចោរប្លន់​អាច​ប្រើ Laptop និង Smartphone លេង Facebook រួច Chat ល្បួង​ស្រី​ថតរូប​អាក្រាត ជំរិតទារលុយ​បាន​ចាយ​ទៀត 

​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ មាន​ស្ត្រី​ម្នាក់​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ស្នងការដ្ឋាន​គរ​បាល​ខេត្តកណ្តាល ដោយ​ប្តឹង Account Facebook មួយ​ឈ្មោះ «Pros Na» ពីបទ​គំរាមកំហែង​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ប្រព្រឹត្ត​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​នា​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់ពី​នាង​បាន​លង់​ចិត្ត​ចាញ់បោក​ការ​លួងលោម​របស់​បុរស​អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Pros Na» រហូតដល់​ហ៊ាន​ថតរូប​អាក្រាត​ផ្ញើជូន​បុរស​រូបនោះ ហើយ​ធ្លាក់ខ្លួន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ការ​ជំរិត​ទារប្រាក់​ច្រើនលើកច្រើនសា​ជា​ថ្នូរ​នឹង​ការ​គំរាម​បង្ហោះ​រូបអាក្រាត​របស់​នាង​តាម Facebook រួចមក ។


​ពាក្យបណ្តឹង​របស់​នារី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ Account Facebook ឈ្មោះ «Pros Na» បាន Add Friend ជាមួយ Account Facebook របស់​នាង រួចហើយ​ក៏បាន Chat រកគ្នា​ទៅវិញទៅមក រហូតដល់ Account Facebook ឈ្មោះ «Pros Na » ដែលជា​បុរស​នោះ បាន​សុំ​សេចក្តីស្នេហា​ពី​នាង ដោយ​សន្យាថា​នឹង​យក​នាង​ធ្វើជា​ប្រពន្ធ ។ នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧​ម្ចាស់ Account Facebook ឈ្មោះ «Pros Na» ក៏បាន​លួងលោម​នាង​ឲ្យ​ថតរូប​អាក្រាត​ផ្ញើ​ទៅ​ឲ្យ​ខ្លួន និង​ដោយសារ​ការទុកចិត្ត នាង​ក៏​ព្រម​ថតរូប​អាក្រាត​ផ្ញើ​ឲ្យ​បុរស​អ្នកលេង Facebook នោះ ។ លុះដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ អ្នកលេង Facebook ប្រើប្រាស់ Account ឈ្មោះ «Pros Na» បាន​ទូរស័ព្ទ​មកកាន់​រូបនាង​ប្រើ​លេខ ៖ ០១៧ ៧៧០ ៧៧៣ ជំរិត​ទារប្រាក់​ពី​រូបនាង​ចំនួន​៣ ០០០​ដុល្លារ​អាមេរិក ដោយ​គំរាមថា បើ​មិន​ផ្ញើ​ប្រាក់​ឲ្យ​ទេ នឹង​បង្ហោះ​រូបអាក្រាត​របស់​នាង​ឲ្យ​ខ្មាស​គេ ។ ក្នុងស្ថានភាព​បែបនេះ នាង​ក៏បាន​ផ្ញើ​ប្រាក់​ឲ្យ​បុរស​នោះ​តាម​ប្រព័ន្ធ Wing ចំនួន​៥០០​ដុល្លារ​អាមេរិក និង​ស្រាប់តែ​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ បុរស​នោះ ទូរស័ព្ទ​ប្រើ​លេខ​ដដែល​មក​ជំរិត​ប្រាក់​ពី​នាង​ចំនួន​៥ ០០០​ដុល្លារ​អាមេរិក​ទៀត ដោយ​ប្រើពាក្យ​គំរាម​ដូច​លើក​មុន​ដែរ ។​


​រយៈពេល​ប្រមាណ​០៥​ថ្ងៃក្រោយ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​រួចមក ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​បំបែកសំណុំរឿង និង​កំណត់​បាន​នូវ​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ​ជំរិត​ទារប្រាក់​ពី​ស្ត្រី​រងគ្រោះ​នោះ គឺជា​ទណ្ឌិត​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង​ម្នាក់​ឈ្មោះ យ៉ែម ប្រុស ដែល​ជាប់ពន្ធនាគារ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៨​ករណី (​ប្លន់​៧​ករណី​នៅ​ខេត្តកំពត និង​ប្លន់​១​ករណី​នៅ​ខេត្តតាកែវ​) ត្រូវ​ទទួលរង​ទោសទណ្ឌ​កំណត់​រយៈពេល​១០​ឆ្នាំ បន្ទាប់ពី​ចាប់ខ្លួនបាន​កាលពី​ឆ្នាំ​២០១០​កន្លងទៅ ។​


​លទ្ធផល​នៃ​ការ​បំបែកសំណុំរឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បានបង្ហាញ​ថា ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស បន្ទាប់ពី​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពត​អស់​រយៈពេល​ប្រមាណ​ជាង​១​ ​ឆ្នាំ ក៏បាន​ផ្ទេរ​មកកាន់​ពន្ធនាគារ​ខេត្តព្រៃវែង​វិញ ។ ពេល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង​នោះ ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស បាន​សមគំនិត​ជាមួយ​អនុប្រធាន​ពន្ធនាគារ​ម្នាក់​ឈ្មោះ អ៊ុំ រ៉ា​យឿ​ង ទើប​ទណ្ឌិត​រូបនេះ​អាចមាន​សិទ្ធិ និង​លទ្ធភាព​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ (Laptop) មួយគ្រឿង និង​ទូរស័ព្ទ Smartphone ចំនួន​៣​គ្រឿង ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ចំនួន​៤​ខ្សែ រួមមាន​លេខ ៖ ០១៧ ៧៧០ ៧៧៣/០៩០ ៣៣៣ ៨៣៣/០៩៦ ៤៤៤៤ ០៧១/០៩៦ ៨៩១៩ ២៥៤ ។​


​ជាមួយនឹង​សម្ភារៈប្រើប្រាស់​ដូចជា Laptop និង​ទូរស័ព្ទ Smartphone ទាំងនោះ ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស បាន​បង្កើត Account Facebook រហូតដល់​ទៅ ៥Account និង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Line ទៀតផង ដើម្បី Add Friend ជាមួយ Account Facebook មាន​អ្នកលេង​ជា​ស្ត្រី​យ៉ាងច្រើន ។ នៅក្នុង​ទិន្នន័យ Laptop របស់​ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស គឺមាន​ផ្ទុក​រូបអាក្រាត​របស់​នា​រី​ដែល​ទណ្ឌិត​រូបនេះ​ទាក់ទង​ស្នេហា​មិនតិចជាង​៥​នាក់​ឡើយ ។​


​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​បែកធ្លាយ​នូវ​ភាពមិនប្រក្រតី​របស់​ទ​ណ្ឌិ​ត​ដែល​ជាប់ពន្ធនាគារ​ខេត្តព្រៃវែង​នេះ​រួចមក ទណ្ឌិត​ឈ្មោះ យ៉ែម ប្រុស ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​ផ្ទេរ​ឲ្យ​ទៅ​ជាប់ឃុំ​ខ្លួ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​វិញ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​នៃ​ការផ្ទេរ​ពន្ធនាគារ​នេះ​យ៉ាងណា​នៅឡើយ​ទេ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.