គេហទំព័រទីភ្នាក់ងារសារព័ត៌មាន Xinhuanet របស់ចិនបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា ប្រទេសចិនបានព្រមព្រៀងបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុន Boeing 737 MAX 10 ចំនួន៦០គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះដ៏ធំ Boeing របស់សហរដ្ឋអាមេរិក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការបញ្ជាទិញយន្តហោះធុន Boeing 737 MAX 10 របស់ប្រទេសចិនពីក្រុមហ៊ុនផលិតយន្តហោះ Boeing នេះ គឺសម្រាប់បំពេញតម្រូវការឲ្យក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗរបស់ចិន រួមនឹងបណ្តាញជើងហោះហើរជាមួយ Boeing ជាអាទិ៍ ក្រុមហ៊ុន Ruili Airlines , ក្រុមហ៊ុន Xiamen Airlines , ក្រុមហ៊ុន OK Airlines , ក្រុមហ៊ុន Donghai Airlines និងក្រុមហ៊ុនជាច្រើនទៀត ។
យន្តហោះធុន Boeing 737 MAX 10 គឺជាប្រភេទយន្តហោះដឹកអ្នកដំណើរធុនធំជាសមាជិកគ្រួសារនៃយន្តហោះធុន 737 MAX ដែលបានដាក់បង្ហាញនៅក្នុងពិធីតាំងពិព័រណ៍កាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនៅទីក្រុងប៉ារីស ប្រទេសបារាំង ៕