កាលពីអំឡុងចុងឆ្នាំ២០០៤កន្លងទៅ ព្រះរាជាណាចក្រកម្ពុជាទី២ធ្លាប់បានបង្កើតច្បាប់ស្តីពីការរៀបចំព្រះបរមងារ និងព្រះរាជបុព្វសិទ្ធិថ្វាយដល់អតីតព្រះមហាក្សត្រ និងព្រះរាជមហេសីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១០០៤/០០១ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ។ ច្បាប់នេះមានគោលបំណងកំណត់ការរៀបចំព្រះបរមងារ និងព្រះរាជបុព្វសិទ្ធិថ្វាយអតីតព្រះមហាក្សត្រ និងព្រះមហេសីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដែងនូវកតញ្ញុតា កតវេទិតា ចំពោះព្រះមហាគុណូបការៈដ៏ថ្លៃថ្លាខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានបម្រើប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិ ។
នាពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្វាយព្រះបរមងារជា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។ រីឯ សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ព្រះមហេសីនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានថ្វាយព្រះបរមងារជា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់ត្រូវបានរក្សាព្រះរាជបុព្វសិទ្ធិ អភ័យឯកសិទ្ធិពេញលេញ និងមិនអាចនរណារំលោភបំពានបានឡើយ ដូចពេលដែលព្រះអង្គគង់នៅគ្រងរាជសម្បត្តិ ។
ឥឡូវនេះ លេចចេញមានចលនាស្នើសុំឲ្យមានការបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីគ្រប់រូបដែលផុតអាណត្តិ ។ ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតជាសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយរូបបានធ្វើលិខិតចំហជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជូនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យមានការបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីគ្រប់រូបដែលផុតអាណត្តិ ឲ្យមានអភ័យឯកសិទ្ធិ និងដំឡើងគោរមងារជា «វីរបុរសជាតិ» ដើម្បីជាការលើកទឹកចិត្តចំពោះគុណបំណាច់ក្នុងការដឹកនាំប្រទេសជាតិក្នុងអាណត្តិរបស់ខ្លួនកន្លងមក ដោយលោកព្រឹទ្ធាចារ្យបានសម្តែងនូវការជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ពិតជាអបអរសាទរ និងគាំទ្រអស់ពីចិត្តពីថ្លើមចំពោះការបង្កើតច្បាប់នេះ ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ចាប់តាំងពីបង្កើតព្រះរាជាណាចក្រកម្ពុជាទី២នាឆ្នាំ១៩៩៣មក ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន២អង្គ-នាក់ហើយ គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (អតីតនាយករដ្ឋមន្ត្រីទី១ នានីតិកាលទី១នៃរដ្ឋសភាមិនចប់ចុងចប់ដើម និងបច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អតីតនាយករដ្ឋមន្ត្រីទី២នានីតិកាលទី១នៃរដ្ឋសភា និងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីម្នាក់ឯងរហូតទល់បច្ចុប្បន្ន) ប៉ុន្តែនាយករដ្ឋមន្ត្រីនៅកម្ពុជាមិនមានការកំណត់អាណត្តិនៃការកាន់តំណែងនៅឡើយ ។ ដូច្នេះ បើបង្កើតឲ្យមានច្បាប់ការពារអតីតនាយករដ្ឋមន្ត្រី គឺត្រូវនិយាយថា ការពារនាយករដ្ឋមន្ត្រីដែលអស់ពីតំណែង (ឧទាហរណ៍ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីបន្តបន្ទាប់ចំនួន៥អាណត្តិ ស្មើនឹងជិត២៥ឆ្នាំហើយ) ។
ទោះយ៉ាងណាក៏ដោយ សំណួរបានតាំងឡើងថា តើនៅក្នុងស្រទាប់ប្រជាពលរដ្ឋទូទៅ ឬភាគច្រើនអាចចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលអស់តំណែងពីនាយករដ្ឋមន្ត្រីជា «វីរបុរសជាតិ» ដែលត្រូវការពារដោយច្បាប់ដែរឬទេ ? ៕