ប្រភពព័ត៌មានរដ្ឋាភិបាលអាល្លឺម៉ង់ឲ្យដឹងថា ក្រុម Hacker អាចមានលទ្ធភាពចាប់ជំរិតយន្តហោះចម្បាំងដោយប្រើឧបករណ៍មានតម្លៃមិនដល់១ម៉ឺនដុល្លារអាមេរិកឡើយ ដើម្បីលបចូលប្រព័ន្ធយន្តហោះយោធា និងចាប់ផ្តើមគ្រប់គ្រងយន្តហោះ ព្រមទាំងអាចរំខាន ឬវាយប្រហារដល់ប្រតិបត្តិការណ៍របស់យន្តហោះយោធាតែម្តង ។
គេហទំព័រសារព័ត៌មាន RT របស់រុស្ស៊ី បានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា ដើម្បីទប់ទល់ទៅនឹងអំពើរបស់ក្រុម Hacker នោះ ក្រសួងការពារជាតិអាល្លឺម៉ង់ចាប់ផ្តើមដាក់ចេញវិធានការពង្រឹងនូវជំនាញលើប្រព័ន្ធ Internet ផ្នែកអាកាសចរណ៍ ពោលគឺលើកកម្ពស់ការដឹងជាមុន ជំវិញការគំរាមកំហែងដល់សន្តិសុខអាកាសចរណ៍ពីសំណាក់ប្រតិបត្តិការរបស់ក្រុមចាប់ជំរិត ។
លោកឧត្តមសេនីយ៍ Ansgar Rieks ប្រមុខអាជ្ញាធរអាកាសចរណ៍យោធាអាល្លឺម៉ង់ បានថ្លែងឲ្យដឹងថា ជាមួយនឹងវិធានការទប់ទល់នឹងក្រុម Hacker នេះ គឺយន្តហោះចម្បាំងរបស់អាល្លឺម៉ង់នឹងត្រូវបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាការពារដែលមានសក្តានុពលខ្ពស់អាចឆ្លើយតបបានទៅនឹងការវាយប្រហារតាមប្រព័ន្ធ Internet ។
ដោយឡែក គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ និងបារាំង បានព្រមព្រៀងគ្នាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ និងអភិវឌ្ឍន៍ធ្វើទំនើបកម្មយន្តហោះចម្បាំងថ្មីដើម្បីជំនួសយន្តហោះចម្បាំងបច្ចុប្បន្នរបស់ខ្លួន នៅពាក់កណ្តាលឆ្នាំ២០១៨ខាងមុខ ៕