ក្នុងដំណើរចុះត្រួតពិនិត្យទំនិញចំនួន២០មុខនៅផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ តាមរយៈឧបករណ៍ពិសោធន៍ចល័ត មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានរកឃើញថា មានសារធាតុគីមីនៅក្នុងមើមខ្ទឹមសដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។
មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងថា ក្រុមការងារកាំកុងត្រូលខេត្តបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានបាននាំយករថយន្តពិសោធន៍ចល័តទៅត្រួតពិនិត្យទំនិញចំនួន២០មុខ ដែលដាក់លក់ក្នុងទីផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺបានរកឃើញថា មានសារធាតុគីមីម្យ៉ាង ជាប្រភេទថ្នាំសម្លាប់សត្វល្អិតនៅក្នុងមើមខ្ទឹមស ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខណៈមើមខ្ទឹមសទាំងនោះត្រូវបានរឹបអូស ។
គួររំលឹកជូនថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧កន្លងទៅ មន្ត្រីកាំកុងត្រូលធ្លាប់បានណែនាំឲ្យប្រជាពលរដ្ឋផ្អាកការនាំចូលជាបណ្តោះអាសន្ននូវមើមខ្ទឹមស រហូតដល់មានការណែនាំជាថ្មី ពីព្រោះមើមខ្ទឹមសរដែលនាំចូលពីប្រទេសវៀតណាមមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នៅពេលបរិភោគ ៕