ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

​ប្លែក​គេ​លើ​លោក ! ទីប្រឹក្សា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ជិត​៣០០​នាក់ ច្រើនជាង​សមាជិក​រាជរដ្ឋាភិបាល​ឬ សមាជិក​រាជរដ្ឋាភិបាល​ម្នាក់ មាន​ទីប្រឹក្សា​ម្នាក់​ស៊ីប្រាក់ខែ 

​អាច​និយាយបានថា ប្លែក​ពី​គេ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក គឺ​សមាជិក​រាជរដ្ឋាភិបាល​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិត​សភាចា​រ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន​រហូតដល់​ទៅ​២៣០​នាក់ និង​ក្រសួង​ចំនួន​២៧ (​មិនទាន់​គិតដល់​អនុរដ្ឋលេខាធិកា​រ​មាន​ចំនួន​ច្រើន​រយ​នាក់​ទៀតផង​) និង​លើសពីនេះ មាន​ទីប្រឹក្សា​រាជរដ្ឋាភិបាល​រហូតដល់​ទៅជិត​៣០០​នាក់ (​យ៉ាងហោចណាស់​មាន​ចំនួន​២៦៦​នាក់​) ឬ​សឹងតែ​ថា សមាជិក​រាជរដ្ឋាភិបាល​ម្នាក់ មាន​ទីប្រឹក្សា​ម្នាក់​សម្រាប់​ស៊ីប្រាក់​បំណាច់​ប្រចាំខែ​បាត់ទៅហើយ ។​

​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ដែលមាន​បុរស​ខ្លាំង​ជា​ប្រមុខ មាន​ទីប្រឹក្សា​យ៉ាងតិច​ចំនួន​២៦៦​នាក់ (​ក្នុងនោះ ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ចំនួន​៤​នាក់ , ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ចំនួន​៥​នាក់ , ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​១០០​នាក់ , ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន​៥៤​នាក់ និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​១០៣​នាក់​) ខណៈ​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​មាន​ចំនួន​២៣០​នាក់ (​គិត​ចាប់ពី​តំណែង​រដ្ឋលេខាធិការ រហូតដល់​នាយករដ្ឋមន្ត្រី​) ក្នុងនោះ​មាន ៖ នាយករដ្ឋមន្ត្រី​ម្នាក់ គឺ​បុរស​ខ្លាំង , ឧបនាយករដ្ឋមន្ត្រី​០៧​នាក់ (​ជា​រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​០៤​នាក់​) ទេសរដ្ឋមន្ត្រី​១៧​នាក់ (​ជា​រដ្ឋមន្ត្រី​កាន់​ក្រសួង​ចំនួន​០៧​នាក់​) រដ្ឋមន្ត្រី​៣០​នាក់ (​រួមទាំង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ចំនួន​១៣​នាក់​) និង​រដ្ឋលេខាធិការ​១៧៥​នាក់ ។ 

​ក្រៅពី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ផ្តល់ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់តំណែង​ជា​រដ្ឋមន្ត្រី និង​មានលទ្ធភាព​ប្រមូល​ផលប្រយោជន៍​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ផង និង​ជួយ​ជ្រោមជ្រែង​ការងារ​គណបក្ស​ផង​នោះ គឺ​ក្រសួង​ត្រូវបាន​បង្កើតឡើង និង​បំបែក​រហូត​កើតមាន​ចំនួន​២៧​ក្រសួង​ទល់​សព្វថ្ងៃ ។​

​បច្ចុប្បន្ននេះ យ៉ាងហោចណាស់​ប្រាក់​បំណាច់​ប្រចាំខែ (​មិនទាន់​គិតដល់​ប្រាក់​របប​ឧបត្ថម្ភ​ផ្សេងៗ​ជាក់ស្តែង​ទៀត​ទេ​) ចំនួន​ជិត​៥០០​លាន​រៀល​ក្នុង​១​ខែៗ​សម្រាប់​ចំណាយ​ទៅលើ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែលមាន​ចំនួន​ជិត​៣០០​នាក់​នោះ ឬ​ស្មើនឹង​ប្រមាណ​មិនតិចជាង​១ ៤១២ ២៤៤​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ​ឡើយ ។ 

​ប្រសិនបើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​មហាអំណាច​ធំៗ​ដែលមាន​លទ្ធភាព​ឲ្យ​កម្ពុជា​ខ្ចី ឬ​សុំ​លុយ និង​បណ្តា​ប្រទេស​ក្បែរៗ​ខាង រួមមាន វៀតណាម និង​ថៃ គឺ​សមាជិក​រាជរដ្ឋាភិបាល និង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​មាន​រូបភាព​សំពីងសំពោង «​ក្បាល​ធំ​» យ៉ាង​សម្បើម​សឹង​រក​ពាក្យ​ថ្លាថ្លែង​មិនកើត រួមជាមួយ​នឹង​ការ​ចំណាយលុយ​ជាតិ​ជា​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្ជីខ្ជា​ក្នុង​គោលបំណង​ពង្រឹង​អំណាច​ខ្លួនឯង និង​បក្ខពួក​ជាប់​ក្នុង​លំដាប់ «​ប្លែក​គេ​លើ​លោក​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.