ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

​រដ្ឋមន្ត្រី​បរិស្ថាន​ជួយ​ដោះស្រាយ​ផង ! រោងចក្រ Wintai Sock Manufacture Ltd. នៅ​តាកែវ រង​ការប្តឹង​ចោទប្រកាន់ថា បង្ហូរទឹក​គីមី​ចូល​អាង​ទន្លេបាទី​

​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​-​បោកគក់​សម្លៀកបំពាក់​មួយ​ឈ្មោះ Wintai Sock Manufacture Ltd. មាន​ទីតាំង​ឋិត​នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ដែលមាន​លោកស្រី Sung Mui Ying សញ្ជាតិ​ចិន ជា​ថៅកែ​ក្រុមហ៊ុន បានទទួល​រង​នូវ​ការប្តឹង​ចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ​ថា បង្ហូរទឹក​កាកសំណល់​គីមី​ពី​រោងចក្រ​ចូលក្នុង​ព្រែក អូរ ប្រឡាយ បឹង ស្ទឹង​ធម្មជាតិ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ ។​

​ពាក្យបណ្តឹង​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្តឹង​ក្រុមហ៊ុន Wintai Sock Manufacture Ltd. ដែល​បាន​គោរព​ជូន​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន (​មកដល់​ទីស្តីការក្រសួង​នា​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧) បាន​ចោទប្រកាន់ថា ក្រុមហ៊ុន បង្ហូរទឹក​កាកសំណល់​រោងចក្រ​មាន​សារ​ធាតុគីមី​ចូលក្នុង​ព្រែក អូរ បឹង ស្ទឹង​ធម្មជាតិ មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សក​ល ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ៖ សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក , ភ្ញៀវទេសចរ​ដែល​ប្រើប្រាស់​អាងទឹក​ទន្លេបាទី​ទាំងមូល​ដែល​មក​ទស្សនា​ប្រាសាទបុរាណ​ខ្មែរ , ផលដំណាំ​របស់​ប្រជាកសិករ ពិសេស​ស្រូវ​ដែលជា​អាហារ​មិនអាច​ខ្វះ​បាន ,​គុណភាព​ដី និង​កខ្វក់​ខ្យល់​ដកដង្ហើម​…​។​ល​។ 

​ប្រភពពី​ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ដែរ​ថា នាពេល​កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ​ដោះស្រាយ​ដែរ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ទេ ពីព្រោះ​ថៅកែ ឬ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន Wintai Sock Manufacture Ltd. ដែល​ល្បី​ថា មាន​ខ្នង​ការពារ​ក្រាស់​នោះ មិន​ស្តាប់ ឬ​អនុវត្តតាម​គោលការណ៍​របស់​ថ្នាក់​ខេត្ត​ឡើយ ។​

​យោងតាម​ព័ស្តុតាង​ជាក់ស្តែង​ដែល​សារព័ត៌មាន​ដើមត្នោត​ចុះ​ផ្តិត​យក​រូបភាព​ផ្ទាល់ គឺ​បាន​បង្ហាញថា ពិតជា​មានទឹក​កខ្វក់​ធុំក្លិន​អាក្រក់ (​ទំនង​ជាមាន​សារធាតុ​គីមី​ចេញពី​រោងចក្រ​បោកគក់​សម្លៀកបំពាក់​) បង្ហូរ​ចូលទៅក្នុង​ប្រឡាយ​៧​មករា ឋិត​នៅជាប់​នឹង​ស្ថានីយ៍​បូមទឹក «​ហ៊ុន សែន ទី​៨​ពត់​សរ​» ក្នុង​ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ប្រាកដ​មែន ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ​ប្រឡាយ​៧​មករា​នោះ បាន​ត្អូញត្អែរ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ដើមត្នោត​ថា ពួកគាត់​ពិតជា​ពិបាក​ទ្រាំ​ខ្លាំងណាស់​ចំពោះ​ក្លិន​ទឹក​កខ្វក់​ដែល​បង្ហូរ​ចេញពី​រោងចក្រ​ជាប្រចាំ ។ លើសពីនេះ នៅ​ផ្នែក​ខាងក្រោយ​រោងចក្រ គឺមាន​ទីតាំង​ជាប់​នឹង​បឹង​ដៃ​ទន្លេបាទី​ដោយផ្ទាល់​ថែមទៀត ។ 

​មន្ត្រី​ជំនាញ​មួយរូប​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ដើម្បី​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម​បាន គឺ​រោងចក្រ​បោកគក់​សម្លៀកបំពាក់​ត្រូវតែមាន​ការប្រើប្រាស់​សារធាតុ​គីមី ប៉ុន្តែ​តាម​បទដ្ឋាន​បច្ចេកទេស​តម្រូវ​ឲ្យ​រោងចក្រ​ប្រើប្រាស់​ប្រព័ន្ធ​ចម្រោះ​ទឹក​ឲ្យ​ស្អាត​សិន​មុននឹង​បង្ហូរ​ចេញ​ក្រៅ ជៀសវាង​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស សត្វ ។  ប្រព័ន្ធ​ចម្រោះ​ទឹក​មាន​សារធាតុ​គីមី​នេះ គឺ​ត្រូវ​ការចំណាយ​ច្រើន ដូច្នេះហើយ ទើប​បណ្តា​រោងចក្រ​ខិលខូច​មួយចំនួន​មិន​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​បាន​ត្រឹមត្រូវ​ទេ ក្នុង​គោលបំណង​កេងចំណេញ​លើ​ប្រាក់​ចំណាយ រួច​ក៏​បង្ហូរទឹក​កខ្វក់​មាន​សារធាតុ​គីមី​ពី​រោងចក្រ​ចូលទៅក្នុង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ​ធម្មជាតិ​ដោយផ្ទាល់​តែម្តង ។​

​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​សំណូមពរ​ចំពោះ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មេត្តាជួយ​ដោះស្រាយ​ចំពោះ​សកម្មភាព​ប៉ះពាល់​ដល់​បរិស្ថាន​បង្ក​ដោយ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​-​បោកគក់​សម្លៀកបំពាក់ Wintai Sock Manufacture Ltd. នោះ​ឲ្យ​បាន​ទាន់ពេលវេលា​ផង ពីព្រោះ​ប្រឡាយទឹក​៧​មករា ភ្ជាប់​នឹង​ស្ថានីយ៍​បូមទឹក «​ហ៊ុន សែន ទី​៨​ពត់​សរ​» បានក្លាយ​ទៅជា​ប្រឡាយ​បង្ហូរទឹក​កខ្វក់​មាន​សារធាតុ​គីមី​របស់​រោង​ចក្រ​បាត់ទៅហើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.